នេះជាលើកដំបូង ដែលកម្ពុជាបានបង្កើតជាគោលនយោបាយជាក់លាក់ លើការគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថា។ គោលនយោបាយនេះ នឹងត្រូវអនុវត្តដោយអន្តរក្រសួងរួមគ្នា និងមានការចូលរួមជាចាំបាច់ពីអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលត្រូវរៀបចំកន្លែងសំចតសុវត្ថិភាព និងត្រូវកំណត់អត្តសញ្ញាណ ដើម្បីឈានទៅអនុវត្តនីតិវិធីបន្តបន្ទាប់។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រកាសផ្សព្វផ្សាយសៀវភៅគោលនយោបាយស្ដីពីការគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថា។ គោលនយោបាយនេះ មានការបែងចែកជាសកម្មភាពជាក់លាក់ មានការបែងចែកភារកិច្ចតួនាទីច្បាស់រាល់អ្នកពាក់ព័ន្ធចាប់រាប់ពីមន្ត្រីថ្នាក់ក្រោមជាតិ។
ក្នុងគោលនយោបាយនេះ បានកំណត់ឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំកន្លែងសំចតសុវត្ថិភាព ផ្ដល់ការស្នាក់នៅបណ្ដោះអាសន្ន និងត្រូវកំណត់អត្តសញ្ញាណបឋម សម្រាប់ជនអនាថា។ ដំណាក់កាលនេះ អាជ្ញាធរ អាចរក្សាទុកជនអនាថា បានត្រឹមរយៈពេល ៧២ម៉ោង។
ដំណាក់កាលបន្ទាប់ក្រោយកំណត់អត្តសញ្ញាណ គឺត្រូវបញ្ជូនបន្តជនអនាថា ទៅទទួលសេវាចាំបាច់នៅតាមមជ្ឈមណ្ឌលឯកទេសសង្គមកិច្ចផ្សេងៗ ទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គល ឬសមាហរណកម្មទៅមូលដ្ឋានរៀងខ្លួន ក្រោយផ្ដល់ការអប់រំ និងបណ្ដុះបណ្ដាលបំណិនជីវិត។
ក្នុងការប្រកាសផ្សព្វផ្សាយគោលនយាបាយនេះដែរ ឯកឧត្តម ជាសុមេធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានលើកឡើងថាតាមរយៈបទពិសោធន៍នៃការអនុវត្តកិច្ចការជនអនាថាកន្លងមកគឺនៅមាន ចំណុចខ្វះចន្លោះមួយចំនួន ជាពិសេសការងារសម្របសម្រួល និងការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងករណី ការប្រមូលនិងការចែករំលែកទិន្នន័យ ការស្តារ នីតិសម្បទា ការអប់រំបណ្តុះបណ្តាល ការធ្វើសមាហរណកម្មជនអនាថាទៅកាន់គ្រួសារ និងសហគមន៍ និងការបន្តតាមដានមុនឈានដល់ការបិទករណី។ ជាមួយគ្នានេះ ការពង្រឹងការអនុវត្តតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងកិច្ចការងាររបស់គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា និងអនុ-គណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថា រាជធានី-ខេត្ត គឺជាកត្តាចម្បង តាមរយៈការរៀបចំ និង ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្រមូលនិងគ្រប់គ្រងទិន្នន័យដែលជាទិន្នន័យរួម ឱ្យមានសុក្រឹតភាព សង្គតិភាព ដើម្បីគាំទ្រដល់ការកំណត់មុខសញ្ញាបញ្ហាដែលត្រូវដោះស្រាយ ការរៀបចំផែនការ និង ការចាត់វិធានការឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ជនអនាថា។
ក្នុងពិធីដដែលនេះ ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លើកឡើងដែរថា ជនអនាថា ក៏ជាក្រុមជនងាយរងគ្រោះ ដែលត្រូវការ ការជួយជាចាំបាច់។ ឯកឧត្តមជឿជាក់ថា គោលនយោបាយនេះ នឹងជំរុញឱ្យមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដី សហការគ្នា បំពេញការងារដោះស្រាយបញ្ហាជួយដល់ជនអនាថា កាន់តែប្រសើរ៕ អត្ថបទ៖ គឹមហុក





