ក្រុមបាល់ទាត់ខេត្តសៀមរាប និងក្រុមការពារតំណែងជើងឯកមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានស្គាល់ជ័យជម្នះលើកដំបូង ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ស្របពេលក្រុមភ្នំដាមហានគរខេត្តតាកែវ បានរងបរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៧-២។

សម្រាប់ជំនួបបញ្ចប់ជើងទី១ ក្នុងពូលB រវាងខេត្តសៀមរាប និងក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ កីឡាករ ហៀន សុហេង បានចំណាយពេលត្រឹម ២នាទី ក្នុងការស៊ុតគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ តែចុងវគ្គទី១ ខេត្តសៀមរាប ក៏វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ ប៊ន ម៉ៅ នៅនាទី៣២ និងកីឡាករ តាំង ដេវីត នៅនាទី៤៥+១ ហើយលទ្ធផលនេះ បានរក្សាដល់ការប្រកួតពេញម៉ោង ។ ជ័យជម្នះលើកដំបូងនេះ នាំឲ្យខេត្តសៀមរាប រំកិលឡើងឈរលេខ២ ក្នុងពូល ដោយរកបាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ១ ចាញ់ប្រៀបក្រុមបាត់ដំបងយូណៃធីត ដែលឈរកំពូលតារាង មាន ៧ពិន្ទុ។

ចំណែកក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានយកឈ្នះក្រុមភ្ញៀវខេត្តព្រៃវែង ដោយលទ្ធផល ៧-២ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ជើងឯកឆ្នាំចាស់នេះ រកបានដោយកីឡាករ អ៊ន់ សីហា, ញ៉ាន សុបញ្ញា និង ហាត់ សូហ្វី ម្នាក់ ១គ្រាប់ ខណៈកីឡាករ កសឹម នារ៉ទីន និង ម៉ាត់ ដេវិត រកបានម្នាក់ ២គ្រាប់ គ្រាដែល ២គ្រាប់របស់ខេត្តព្រៃវែង រកបានដោយកីឡាករ ឡេង លីហួរ ទាំង ២គ្រាប់។ ជ័យជម្នះលើកដំបូងនេះ នាំឲ្យខេត្តកំពង់ចាម មាន ៣ពិន្ទុ ស្មើក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់ ១ ដូចគ្នា តាមពីក្រោយក្រុមកំពូលតារាងខេត្តត្បូងឃ្មុំ ដែលរកបាន ៦ពិន្ទុពេញ។

រីឯក្រុមភ្នំដាមហានគរខេត្ដតាកែវ ដែលប្រកួតស្មើ ២ប្រកួតជាប់គ្នា បានភ្លាត់បរាជ័យលើកដំបូង យ៉ាងចាស់ដៃទល់នឹងក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៧-២។ គ្រាប់បាល់ជ័យជម្នះរបស់កំពង់ស្ពឺ រកបានដោយកីឡាករ ធន រស្មី, បាន ឌីម៉ង់ និង កយ ប៊ុនលី ម្នាក់ ១គ្រាប់ និងកីឡាករ ឈឹន ស៊ុយហេង រកបាន ២គ្រាប់ ខណៈ ១គ្រាប់ទៀត ជាគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯងពីកីឡាករ ប៉ន សុខគាន់ ។ ចំណែក ២គ្រាប់របស់ក្រុមភ្ញៀវភ្នំដាមហានគរខេត្តតាកែវ រកបានដោយកីឡាករ ឆឹង សុខជាន្នី និង ណុប ច័ន្ទបូរ៉ារស្មី។
ជាមួយលទ្ធផលនេះ បានធ្វើឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ រក្សាតំណែងលេខ២ ក្នុងពូលC រកបាន ៦ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាងខេត្តកណ្ដាល ១ពិន្ទុប៉ុណ្ណោះ ហើយក្រុមភ្នំដាមហានគរខេត្តតាកែវ បានបន្ដឈរលេខ៣ មាន ២ពិន្ទុ លើក្រុមភ្នំពេញហ្គាឡាក់ស៊ី មាន ១ពិន្ទុ។ ក្រុមនីមួយៗ នៅសល់ការប្រកួតសន្សំពិន្ទុជើងទី២ មួយជុំទៀត ដើម្បីកំណត់ក្រុមលេខ១ និងក្រុមលេខ២ ល្អជាងគេឡើងទៅវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា
