កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសជជែកសំណេះសំណាលសួរសុខទុក្ខ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។
បន្ថែមពីនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ។

សូមបញ្ជាក់ផងដែរថា ជាការគិតគូរដល់ស្ថានភាពរស់នៅរបស់វីរកងទ័ពរួមទាំងក្រុមគ្រួសារ សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការណែនាំនិងផ្តល់ជូននូវមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សារហូតដល់ចប់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុល រហូតដល់ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសារថែមទៀតផង។ រីឯវីរកងទ័ព វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថដែលបានចូលសមរភូមិប្រយុទ្ធការពារទឹកដី ក៏ដូចជាកំពុងឈរជើងនៅជួរមុខ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់មេដាយពិសេស ដំឡើងឋានន្តរស័ក្តិ ជាពិសេសគឺលើកលែងទាំងស្រុងនូវសេវាពន្ធប្រថាប់ត្រាលើការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ដើម្បីជាការលើកទឹកចិត្ត និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ៕

















