អ្នកនាំពាក្យ៖ ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងកែប្រែស្ថានការណ៍នៅលើដីជាក់ស្ដែងរបស់យោធាថៃ គឺជាការបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត

2026/08/20 02:26:16 pm        139

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះថា ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងការធ្វើសកម្មភាពកែប្រែស្ថានការណ៍នៅលើដីជាក់ស្តែង (fait accomplis) របស់កងកម្លាំងយោធាថៃ មិនត្រឹមតែបំពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរំលោភសិទ្ធិពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពទាំងអស់នេះ គឺជាការបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត។

ឯកឧត្តមថ្លែងថា៖«ការចូលកាន់កាប់ទឹកដីនៃរដ្ឋអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ទីតាំងសាសនា ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ(ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ(CRC) អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព(CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩០៧ ជាដើម។

ឯកឧត្តមបន្តថា ច្បាប់អន្តរជាតិដូចបានរៀបរាប់ខាងលើហាមប្រាមការចូលកាន់កាប់ទឹកដី នៃរដ្ឋអធិបតេយ្យមួយដោយប្រើកម្លាំង និងការពារសិទ្ធិប្រជាពលរដ្ឋគ្រប់រូបដែលត្រូវមានលំនៅឋានសមរម្យ និងចៀសផុតពីការជ្រៀតជ្រែកលើលំនៅឋាន និងពីការរឹបអូសឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីសំណាក់បុគ្គល ឬក្រុមណាមួយ។ ប៉ុន្តែ ភាគីថៃបានរំលោភបំពានច្បាប់អន្តរជាតិទាំងនេះ ដោយបង្កការលំបាកធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ ជាពិសេសស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជាថ្មីថា ចំពោះមុខការរំលោភបំពាននេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បានធ្វើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ ដោយប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ជាពិសេសការពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង(fait accomplis) និងរារាំងការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមបានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានផ្ញើលិខិតទៅប្តឹងតវ៉ាយ៉ាងខ្លាំង ជូនទៅដល់ស្ថាប័នសិទ្ធិមនុស្សនានាទាំងថ្នាក់តំបន់ និងអន្តរជាតិ ដោយស្ថាប័នទាំងនោះបានទទួលដឹងលឺអំពីការរំលោភបំពានទាំងនេះ ហើយបាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ និងចាត់វិធានការទៅតាមសមត្ថកិច្ចរៀងៗខ្លួន។ ទន្ទឹមនឹងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសចំពោះមុខប្រជាជាតិខ្មែរថា៖ «ការការពារទឹកដីនិងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលដាច់ខាត មិនបោះបង់កាតព្វកិច្ចក្នុងការទាមទារទឹកដីឡើយ ហើយបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ»។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ក៏បានបញ្ជាក់ច្បាស់ចំពោះមុខប្រជាជាតិខ្មែរថា៖ «កម្ពុជាជ្រើសរើសយកមាគ៌ាសន្តិភាព តែដាច់ខាតមិនធ្វើសម្បទានណាមួយចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ»។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជាថ្មីថា ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិនិងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងដែលមានតម្លៃផ្នែកគតិយុត្តិ និងសីលធម៌ មិនអាចខ្វះបានក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនោះ កម្លាំងមហាសាមគ្គីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ បង្កើតបានជាខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំដែលឈរនៅពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនដ៏អង់អាចក្លាហាន។ ដោយសារការបំពានលើបូរណភាពទឹកដីកម្ពុជា និងបំពានច្បាប់អន្តរជាតិរបស់កងកម្លាំងថៃ គឺជារឿងដែលមិនអាចបដិសេធបាន និងដោយសារសកម្មភាពការងារការទូតសកម្ម និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាជនរបស់ខ្លួនតាមមធ្យោបាយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ សហគមន៍អន្តរជាតិក៏មិននៅស្ងៀមឡើយ។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សភានៃបណ្តាប្រទេសនិយាយភាសាបារាំង(APF) បណ្តាញសារព័ត៌មានអន្តរជាតិល្បីៗ ក៏ដូចជាជនបរទេស ដែលមានឥទ្ធិពលលើបណ្តាញសង្គម បានចេញមុខនិយាយពីបញ្ហានេះជាបន្តបន្ទាប់។ ពួកគេជំរុញឱ្យមានដំណោះស្រាយព្រំដែនកម្ពុជា-ថៃ ជាបន្ទាន់ និងទាមទារឱ្យជនភៀសសឹកកម្ពុជាវិលត្រឡប់ទៅផ្ទះសម្បែងខ្លួនវិញឱ្យបានឆាប់បំផុត។

ចំណែកព្រំដែនសមុទ្រវិញ យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ ដែលកំពុងដំណើរការ គឺជាឧទាហរណ៍មួយនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះដំណោះស្រាយដោយសន្តិវិធីតាមយន្តការអន្តរជាតិដែលផ្តួចផ្តើមឡើងដោយកម្ពុជា។ ទាំងនេះ គឺជាសញ្ញាច្បាស់លាស់ដែលបញ្ជាក់ថា គ្មានការរំលោភបំពានច្បាប់អន្តរជាតិណាមួយត្រូវបានអនុគ្រោះឡើយ៕

 

អត្ថបទដែលទាក់ទង

គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ
2026/08/20 04:17:14 pm        101
ក្រុម AOT បន្តចុះសង្កេតការណ៍ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
2026/08/20 03:59:09 pm        117
ធនាគារ SME គ្រោងដាក់ចេញសាកល្បងគម្រោងឥណទានថ្មី ជាមួយនឹងទំហំឥណទានធំជាងមុន ដោយមិនតម្រូវឱ្យមានទ្រព្យធានា
2026/08/20 03:56:07 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែន​បរាជ័យ​ជាថ្មីទៀត​ក្នុងការ​​បាញ់ទម្លាក់​មីស៊ីល​បាលីស្ទីក​រុស្ស៊ីសូម្បីតែ ១គ្រាប់ ​បណ្ដាលឱ្យមនុស្សជាង១០នាក់ស្លាប់

2026/08/20 05:08:52 pm
​ប៉េរូ ធ្វើសមយុទ្ធគ្រោះមហន្តរាយជាតិបន្ទាប់ពីគ្រោះរញ្ជួយដីនៅកូឡុំប៊ី និងវ៉េណេស៊ុយអេឡា
2026/08/20 05:07:20 pm
​អ្នកវិភាគ៖ ភាពអត់ធ្មត់របស់អ៊ីរ៉ង់អស់ហើយ ជុំវិញការបិទផ្លូវទឹកដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក
2026/08/20 05:04:51 pm
​កូរ៉េខាងត្បូងប៉ាន់ស្មាន​ថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ ១២០គ្រាប់ ខ្ពស់ឆ្ងាយ​ជាងតួលេខរបស់លោក Trump
2026/08/20 05:03:13 pm
​រដ្ឋមន្ត្រីការបរទេសស៊ីរី៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាស គ្មានហេតុផលត្រឹមត្រូវទេ
2026/08/20 04:59:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm