មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដាក់ចេញកម្មវិធីរដូវកាលទី២ និងអបអរសាទរធុរកិច្ចថ្មីដែលទទួលបានការវិនិយោគ ក្រោមកម្មវិធីវិនិយោគសាធារណៈរដូវកាលទី១ ដែលការបង្កើតមូលនិធិ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលធុរកិច្ចថ្មី និងសហគ្រាស ធុនតូច និងមធ្យមកំពុងប្រឈម លើកង្វះនៃលទ្ធភាពទទួលបានទុនវិនិយោគពង្រីកអាជីវកម្ម។

លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ រៀបចំ សិក្ខាសាលាផ្សព្វផ្សាយជាផ្លូវការនូវ “កម្មវិធីវិនិយោគសាធារណៈរដូវកាលទី២” ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការដាក់ចេញកម្មវិធីរដូវកាលទី២នេះ, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពក៏បានប្រកាសជាផ្លូវការ និងអបអរសាទរដល់ធុរកិច្ចថ្មី ដែលទទួលបានការវិនិយោគជាភាគហ៊ុនពីកម្មវិធីក្នុងរដូវកាលទី១ផងដែរ។ បន្ទាប់ពីមាន បទពិសោធន៍ជោគជ័យក្នុងការអនុវត្តកម្មវិធីរដូវកាលទី១, ម.អ.ស បានដាក់ឱ្យអនុវត្តកម្មវិធីវិនិយោគសាធារណៈរដូវកាលទី២បន្តទៀត ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមដែលធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមជាច្រើន កំពុងប្រឈម លើកង្វះនៃលទ្ធភាព ទទួលបានទុនវិនិយោគសម្រាប់ពង្រីកអាជីវកម្ម។

ឯកឧត្តម មាស សុខសេនសាន លើកឡើងថា ការដាក់ចេញមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្រោមការគ្រប់គ្រងរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើង ដើម្បីដើរតួនាទីជាយន្តការហិរញ្ញវត្ថុដ៏សំខាន់ក្នុងការគាំទ្រធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល និងប្រកបដោយថាមវន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ការកសាងសមត្ថភាព និងការជំរុញកិច្ច សហការជាមួយតួអង្គនានាក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
សូមគូសបញ្ជាក់ថា នៅក្នុងរដូវកាលទី១ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពទទួលបានពាក្យសុំសរុបប្រមាណ ៨០ ពីសំណាក់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។ បន្ទាប់ពីបានជម្រុះជាដំណាក់កាល មានធុរកិច្ចចំនួន ១២ ត្រូវបានជ្រើសរើសសម្រាប់ការសម្ភាស, ក្នុងនោះ ៥ ក្រុម ត្រូវបានជ្រើសរើសសម្រាប់ការត្រួតពិនិត្យលម្អិត រហូតរកឃើញ ២ ក្រុម ទទួលបានកញ្ចប់ថវិកាវិនិយោគពីមូលនិធិ អភិវឌ្ឍន៍សហគ្រិនភាព។
ចំណែកកម្មវិធីវិនិយោគសាធារណៈរដូវកាលទី២ រៀបចំឡើងក្នុងគោលបំណងកាត់បន្ថយហានិភ័យរបស់ធុរកិច្ចថ្មី និងសហគ្រាសធុន តូច និងមធ្យម ក្នុងដំណាក់កាលផ្លាស់ប្តូរពីការប្រើប្រាស់វត្ថុធាតុដើមនាំចូល មកជាការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជំនួសវិញ ព្រម ទាំងការសាកល្បងនូវការជំរុញខ្សែច្រវាក់តម្លៃឌីជីថល និងការពង្រីកទីផ្សារបន្ថែម។ ការអនុវត្តកម្មវិធីនេះនឹងផ្តោតលើមូលបទសំខាន់ៗ មួយចំនួនដូចជា៖ (១)- ការជំរុញការប្រើប្រាស់ និងធ្វើពិពិធកម្មផលិតផលក្នុងស្រុក សំដៅកាត់បន្ថយការពឹងផ្អែកលើការ នាំចូលវត្ថុ ធាតុដើម និងផលិតផលពីបរទេស, (២)- ការជំរុញខ្សែច្រវាក់តម្លៃឌីជីថល សំដៅរួមចំណែករៀបចំរចនាសម្ព័ន្ធសម្រាប់ ដំណើរការ ផលិតទាំងមូល រាប់តាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម, ការផលិត, ការកែច្នៃ, ការគ្រប់គ្រងស្តុក, ភស្តុភារជាដើម និង (៣)-ការប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) សំដៅពង្រីកទីផ្សារឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី



