ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានសម្រេចបើកច្រកអន្តរជាតិជាំសាងាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឈមស្រុកភូស៊ីង ខេត្តស៊ីសាកេត ឱ្យដំណើរការបន្ថែមទៀតក្រោយវិបត្តិកូវីដ១៩ មានការធូរស្រាល។
ការសម្របសម្រួលនៃដំណើរការបើកច្រកអន្តរជាតិជាំសាងាំឡើងវិញនេះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ភាគីថៃដឹកនាំ លោក វ៉ាត់ថៈណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត និងមន្ត្រីពាក់ព័ន្ធផងដែរ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ភាគីកម្ពុជាបានស្នើដល់ភាគីថៃ ជួយបន្ធូរបន្ថយករណីប័ណ្ណធានារ៉ាប់រងសុខភាពដល់ពលរដ្ឋអ្នកកាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) និងដល់ពលរដ្ឋអ្នកកាន់ប័ណ្ណព្រំដែន (Border Pass) ចូលទឹកដីប្រទេសថៃ ដែលកំណត់រយៈពេល៣ថ្ងៃ ឱ្យមានសុពលភាព៧ថ្ងៃ ដូចកាលពីលើកមុនផងដែរ៕ អត្ថបទ៖ ឃិនសារិទ្ធ






