នាព្រឹកថ្ងៃទី២ នៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ការផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីតាមរយៈការធ្វើជំរឿនជាក់ស្តែងនាពេលនេះ គឺធ្វើឡើងស្របតាមគោលនយោបាយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ។ សកម្មភាពនេះ មានគោលបំណងសំខាន់ ដើម្បីដឹងពីចំនួនមន្ត្រីពិតប្រាកដ មុខងារច្បាស់លាស់ ព្រមទាំងរៀបចំដាក់ពង្រាយមន្ត្រីឱ្យចំគោលដៅនៃរចនាសម្ព័ន្ធថ្មីរបស់ក្រសួង និងបង្កើនប្រសិទ្ធភាពការងារ។
លោកជំទាវបណ្ឌិតសភាចារ្យ បានបន្តថា នៅដំណាក់កាលនេះ គណៈកម្មការជំរឿន កំពុងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ សម្រាប់តែមន្ត្រីនៅទីស្តីការក្រសួងតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់មន្ត្រីដែលបម្រើការងារនៅតាមទីតាំងធំៗ តាមបណ្តាខេត្ត ក្រសួងមុខងារសាធារណៈ នឹងរៀបចំសម្របសម្រួលចុះទៅធ្វើជំរឿនផ្ទាល់ដល់ទីតាំងតែម្តង រួមមាន៖ (១)អាជ្ញាធរជាតិអប្សរា និងនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ (ខេត្តសៀមរាប), (២)អាជ្ញាធរជាតិសំបូរព្រៃគុក (ខេត្តកំពង់ធំ) និង (៣)អាជ្ញាធរជាតិព្រះវិហារ (ខេត្តព្រះវិហារ)។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងមុខងារសាធារណៈ ដែលបានដឹកនាំ និងរៀបចំការធ្វើជំរឿននេះឡើងប្រកបដោយភាពហ្មត់ចត់ ម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នខ្ពស់ ដែលនាំមកនូវលទ្ធផលការងារល្អប្រសើរ និងទទួលបានទិន្នន័យពិតប្រាកដ ប្រកបដោយទំនុកចិត្តខ្ពស់ ក្នុងវិស័យមុខងារសាធារណៈ៕






