ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលបញ្ជាក់ថា «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថ្មីនេះ គឺជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល។
ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលបញ្ជាក់បែបនេះ ក្នុងឱកាស យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ បានបង្ហាញព្រះរាជហឫទ័យប្រកបដោយបីតិសោមនស្សក្រៃលែង ដែលបានចូលរួមជាព្រះរាជា ធិបតីដ៏ខ្ពង់ខ្ព ក៏ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព” ដ៏ល្អវិចិត្រ ដែលជាសមិទ្ធផលក្នុង ឆ្នាំ២០២៦ថ្មីមួយបន្ថែមទៀត របស់ប្រជាជាតិខ្មែរយើង។
ព្រះអង្គមានព្រះរាជបន្ទូលថា សំណង់អគារថ្មីនៃព្រឹទ្ធសភា ដែលត្រូវបានកសាងឡើងក្រោមការផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានប្រសិទ្ធនាមថា “វិមានសាមគ្គីភាព” បង្ហាញ ឱ្យឃើញពីគុណតម្លៃ និងទស្សនវិជ្ជាដឹកនាំស្នូលរបស់ថ្នាក់ដឹកនាំខ្មែរ ដែលយល់យ៉ាងច្បាស់ ជាការបង្រួបបង្រួមជាតិ និងសាមគ្គីភាពជាតិ” គឺជាសសរទ្រូងដ៏រឹងមាំនៃ សន្តិភាព ស្ថិរភាព និងភាពរីក៏ចម្រើនដ៏យូរអង្វែងរបស់កម្ពុជា។
ព្រះករុណាព្រះមហាក្សត្រ ក៏បាននាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុត អំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត មកជូនសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ និង ប្រិយមិត្តបរទេសទាំងអស់ ដែលមានព្រះវត្តមាន និងវត្តមាននៅទីនេះ ។
ព្រះករុណាព្រះមហាក្សត្រ បានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តួចផ្តើមគំនិតបង្កើតទស្សនទាន និងដឹកនាំការកសាង វិមានសាមគ្គីភាព” នៅលើទីតាំងជ័យភូមិជាញជ័យដ៏ពិសិដ្ឋនេះឡើង សម្រាប់ទុកជាបេតិកភណ្ឌ ជាតិដ៏វិសេសវិសាលមួយទៀតរបស់ជាតិ។
ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលបញ្ជាក់ថា វិមានព្រឹទ្ធសភាថ្មីនេះ ក៏ជានិមិត្តរូបនៃការតភ្ជាប់មោទនភាព បច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើង រុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ដែលធ្លាប់ មានអរិយធម៌ចំណាស់ត្រចះត្រចង់ ឧត្តុង្គឧត្តម និងមានកិត្យានុភាពល្បីរន្ទឺនៅក្នុងតំបន់ និងនៅលើសកលលោក។
ព្រះអង្គមានព្រះរាជបន្ទូលថា៖«យើងអាចសន្និដ្ឋានបានថា “វិមានសាមគ្គីភាព” នឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជួយបន្ថែមសោភ័ណភាព និងភាពចម្រុះអមដោយ សំណង់អគារប្រវត្តិសាស្ត្រជាច្រើននៅក្នុងវិមានរដ្ឋចំការមន ដែលជាកេរដំណែលមរតកនៃ ស្ថាបត្យកម្ម និងជាស្នាព្រះហស្តដ៏ថ្លៃថ្លាបំផុតនៃ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ក្នុងពេលដែលព្រះអង្គនៅគង់ព្រះជន្ម និងបំពេញព្រះរាជកិច្ចនៅទីនេះ។
សូមបញ្ជាក់ថា “វិមានសាមគ្គីភាព» ត្រូវបានសាងសង់ឡើងក្នុងរយៈពេល១៨ខែ មានផ្ទៃក្រឡាសរុបជាង ២២ ពាន់ម៉ែត្រការ៉េ ដោយមិនរាប់ផ្ទៃក្រឡាសួន និងក្រាលក្រានីត ៥ ពាន់ម៉ែត្រការ៉េទៀត។ អគារនេះមានបណ្តោយ ៧៩ម៉ែត្រ, ទទឹង ៤៧ ម៉ែត្រ, កម្ពស់ ៣៥ម៉ែត្រ និងមាន ៤ជាន់កន្លះ ដែលដំបូលរាបស្មើរបស់អគារប្រើជា ព្រលានឧទ្ធម្ភាគចក្រ។ រចនាបទខាងក្រៅនៃ «វិមានសាមគ្គីភាព» ជាប្រភេទស្ថាបត្យកម្ម សហសម័យលាយបញ្ចូលគ្នារវាងស្ថាបត្យកម្ម នៃរចនាបទខ្មែរ និង Colonial ជាមួយនឹងការគិតគូររចនាយ៉ាងហ្មត់ចត់ទៅលើគ្រឿងលម្អ តួយ៉ាង បាំងខ្លែងនៅ ដំបូល ទែរ៉ាស់ផ្នែកខាងមុខដែលត្រូវបានស្រង់គំនិតចេញពីប្រាសាទបុរាណខ្មែរ។ ផ្ទៃខាងក្រៅអគារមានការរចនាល្បាក់ក្បាល និងជើងសសរ សសរផ្អោប រំលេច ក្បាច់ផ្កាចន្ទន៍ នៅតាមបង្អួច និងបង្កាន់ដៃ ដើម្បីបង្ហាញ និងលើកកម្ពស់វប្បធម៌ អត្តសញ្ញាណជាតិខ្មែរ និងស្របទៅនឹងតួនាទីនៃវិមានស្ថាប័ននីតិប្បញ្ញត្តិកំពូល។ នៅសងខាងច្រកចូលអគារ មានរូបចម្លាក់តោពីថ្មភក់ ដែលមានកម្ពស់ ៣,៦ម៉ែត្រ ចម្លងតាមរចនាបទអង្គរ ដើរតួជាឆ្មាំយាមមុខអគារ រីឯផ្លូវឡើងក៏អម ទៅដោយបង្គោលសីមាតាមលំនាំច្រកចូលប្រាសាទបុរាណ ដែលមានមុខងារជា បង្គោលភ្លើងបំភ្លឺតាមផ្លូវជម្រាលឡាន និងលម្អដល់អគារផង៕



















