បាល់ទាត់៖ ក្តីសង្ឃឹមដណ្ដើមជើងឯកអ៊ីតាលី Serie A ១០រដូវកាលជាប់គ្នារបស់សេះបង្កង់ Juventus កាន់តែឃ្លាតឆ្ងាយ ក្រោយបរាជ័យក្នុងទឹកដីខ្លួនឯង ១-០ ក្រោមថ្វីជើងក្រុមដែលកំពុងដុនដាប Benevento។

បន្ទាប់ពីធ្លាក់ពី Champions League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយដោយចាញ់ Porto នោះក្រុមរបស់លោក Andrea Pirlo ហាក់បាត់បង់ជំនឿចិត្ត ស្របពេលក្រុមដែលកំពុងយ៉ាប់ក្បែរបាតតារាង Benevento រកបានគ្រាប់បាល់ជ័យជំនះនៅនាទីទី៦៤ Adolfo Gaich។ Juventus ក៏មានឱកាសបានបាល់ ១១ម៉ែត្រម្តងដែរតែ VAR លុបចោលវិញ ខណៈ Cristiano Ronaldo ស៊ុតចូល ១គ្រាប់ តែអាជ្ញាកណ្ដាលមិនឲ្យទៅទៀត។ ជ័យជំនះ ១-០ នេះធ្វើឲ្យ Benevento ស្គាល់ជ័យជំនះលើកដំបូងក្នុង ១១ប្រកួតចុងក្រោយ និងឡើងមកកាន់លេខ១៦ ក្នុងតារាងមាន ២៩ពិន្ទុ។
លទ្ធផលផ្សេងទៀត AC Milan យកឈ្នះនៅទឹកដី Fiorentina ៣-២ ដោយមានគ្រាប់បាល់របស់ Zlatan Ibrahimovic និងគ្រាប់បាល់ជ័យជំនះរបស់ Hakan Calhanoglu នាទីទី៧២។ ក្រុមកំពូលតារាង Inter Milan មិនមានការប្រកួតឡើយដោយជំនួបទល់នឹង Sassuolo ត្រូវបានលើកពេល បន្ទាប់ពី Inter Milan មានករណីឆ្លង Covid-19 ច្រើនក្នុងក្លិប។ Inter Milan នៅតែនាំមុខគេដដែលមាន ៦៥ពិន្ទុតាមពីក្រោយដោយ AC Milan ៦ពិន្ទុតែ Inter Milan លេងតិចជាង ១ប្រកួត ខណៈ Juventus លេខ៣ មាន ៥៥ពិន្ទុដេញពីក្រោយ AC Milan ៤ពិន្ទុតែសល់ ១ប្រកួតក្នុងដៃដូច Inter Milan ដែរ៕
អត្ថបទ៖នាង សុភាវុធ