ភ្នំពេញ៖ អង្គការសហប្រជាជាតិ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃនេះ បានដាក់សម្ពោធឱ្យអនុវត្តកម្មវិធីរួមគ្នា ដើម្បីសង្គ្រោះនិងឆ្លើយតបតម្រូវការពលករទេសន្តប្រវេសន៍ ដែលត្រូវបានចាត់ទុកជាក្រុមប្រជាជនងាយរងគ្រោះ ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។
កម្មវិធីរួមគ្នា ដើម្បីសង្គ្រោះនិងឆ្លើយតបតម្រូវការពលករទេសន្តប្រវេសន៍នេះ គឺត្រូវបានបង្កើតរួមគ្នា អង្គការ IOM, UNICEF, UNFPA, និងអង្គការសុខភាពពិភាពពិភពលោក WHO។ កម្មវិធីនេះគឺអនុវត្តឡើងក្នុងរយៈពេល ១ឆ្នាំ ដោយបានចាប់ផ្ដើមតាំងពីខែ មីនា ឆ្នាំ២០២២មកម្លេះ។ កម្មវិធីនេះ គឺអនុវត្តសម្រាប់ខេត្តគោលដៅចំនួន ៣ គឺខេត្ត បន្ទាយមានជ័យ បាត់ដំបង និងខេត្តឧត្តរមានជ័យ ដែលជាខេត្តមានពលករឆ្លងព្រំដែនច្រើន។
កម្មវិធីរួមគ្នានេះ គឺអនុវត្តឡើងដោយមានគោលដៅសំខាន់ចំនួន ២ គឺដើម្បីធ្វើឱ្យលំហូរពលករវិលត្រឡប់តាមព្រំដែនមានភាពប្រសើរឡើង ក្រោមការគ្រប់គ្រងប្រកបដោយភាពថ្លៃថ្នូរ និងស្របតាមគោលការណ៍ណែនាំសុខភាព។ រីឯគោលដៅសំខាន់មួយទៀតគឺ ដើម្បីធ្វើឱ្យការវិលត្រឡប់របស់ពលករប្រកបដោយភាពសមរម្យសមស្របតាមតម្រូវការផ្នែកសុខភាព សុខុមាលភាព និងកិច្ចការពារត្រឹមត្រូវ។
ក្នុងឱកាសដាក់សម្ពោធកម្មវិធីរួមគ្នានេះ លោក Karimata អនុប្រធានបេសកកម្មស្ថានទូតជប៉ុនលើកឡើងថា ការធានាបានវិធានសុខាភិបាល ឆ្លើយតបទៅនឹងវិរុសបំប្លែងថ្មីជារឿងចាំបាច់ ក្នុងការការពារជីវិតពលករដែលវិលត្រឡប់មកវិញ និងជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៃខេត្តទាំង៣ផងដែរ។ លោកបញ្ជាក់ទៀតថា ក្នុងនាមរដ្ឋាភិបាលជប៉ុន គឺប្ដេជ្ញាក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងវិបត្តកូវីដ-១៩ និងការស្ដារឡើងវិញឱ្យមានភាពប្រសើរ។
ចំពោះកម្មវិធីរួមគ្នានេះ លោកស្រី Kristin Parco ជាប្រធានបេសកកម្មនៃអង្គការ IOM នៅកម្ពុជាលើកឡើងថា កម្មវិធីដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលជប៉ុននេះ គឺលើកឡើងពីតម្រូវការចាំបាច់របស់ពលករដែលវិលត្រឡប់ចូលមកកម្ពុជាវិញ និងធានាថាមានការរៀបចំដោយភាពសមរម្យសមស្របតាមតម្រូវការផ្នែកសុខភាព សុខុមាលភាព និងកិច្ចការពារត្រឹមត្រូវ។អត្ថបទ៖ គឹមហុក