ភ្នំពេញ៖ ប្រទេសកម្ពុជា បានទាក់ទាញធុរជនមកបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ជិត ២៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៩ ស្តីពី «សមិទ្ធផល ៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ទោះជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ថា នៅថ្ងៃស្អែកនេះគឺជាខួបគម្រប់៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បញ្ជាក់ថា ក្នុងពេល៣ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាបានកាច់ចង្កូតនាវាកម្ពុជាឆ្លងកាត់ឧបសគ្គធំៗនិង បានសម្រេចសមិទ្ធផលធំៗជាច្រើន ជូនជាតិ មាតុភូមិ និងប្រជាជន។ ជាក់ស្តែង គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ ខែកក្កដា ឆ្នាំ២០២៦ គម្រោងវិនិយោគចំនួន១ ៤៩៣ ត្រូវបានចុះបញ្ជីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលមានទំហំទុនវិនិយោគសរុបជិត ២៦ពាន់លានដុល្លារអាម៉េរិក។
ឯកឧត្តម មានប្រសាសន៍ថា៖ «លទ្ធផលនេះឆ្លុះបញ្ចាំងពីភាពកាន់តែប្រសើរឡើងនៃបរិយាកាសវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបន្តជំរុញកំណែទម្រង់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ដោយផ្អែកលើគោលការណ៍បើកចំហ តម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងការប្រកួតប្រជែងដោយស្មើភាព គ្មានការរើសអើង។ ទន្ទឹមនឹងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បាននិងកំពុងពុះពារយ៉ាងខ្លាំងដើម្បីលើកស្ទួយផលិតផលក្នុងស្រុកតាមរយៈការយកចិត្តទុកដាក់និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SME)»។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មើលឃើញថា ក្រោមដឹកនាំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺមានភាពរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេស ផ្នែកសេដ្ឋកិច្ច និងការវិនិយោគ ហើយការដឹកនាំរបស់សម្តេចធិបតីបានងាកទៅរកគោលនយោបាយទំនាក់ទំនងការទូតបែបសេដ្ឋកិច្ច ដែលរាល់កិច្ចប្រជុំកម្រិតអន្តរជាតិគឺសម្តេចតែងតែជួបពិភាក្សាជាមួយធុរជនបរទេស ដើម្បីទាក់ទាញការវិនិយោគ។ អ្វីដែលមានភាពលេចធ្លោជាងនេះគឺសម្តេចបានស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩ ដែលកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច ៥.២% ឆ្នាំ២០២៥ និង ៤.១% ក្នុងឆ្នាំ២០២៦នេះ។
លោកបណ្ឌិត មានប្រសាសន៍ថា៖ «ក្រៅពីនេះ សម្តេចធិបតី តែងតែគោះទ្វាទៅដល់វិនិយោគិនបរទេស នៅក្នុងរាល់ជំនួបជាទ្វេភាគី និងពហុភាគី ដើម្បីទាក់ទាញវិនិយោគមកបណ្តាក់ទុននៅកម្ពុជាក្នុងការបង្កើតការងារទៅដល់ប្រជាពលរដ្ឋកម្ពុជា។សម្តេចធិបតីក៏ខិតខំចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិរហូតទទួលបានជោគជ័យ និងការទទួលបានការអនុគ្រោះពន្ធសម្រាប់ការនាំចេញពីបណ្តាប្រទេសជាមិត្ត»។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣ឆ្នាំចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជាបានបន្តកើនឡើងជាបន្តបន្ទាប់។ ឆ្នាំ២០២៣ មានជាង ២២ ពាន់លានដុល្លារ ឆ្នាំ២០២៤ កើនដល់ ២៦,១៩ ពាន់លានដុល្លារ និងឆ្នាំ២០២៥ កើនដល់ជាង ២៨,៣ ពាន់លានដុល្លារដែលបានបង្ហាញពីភាពរឹងមាំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា៕អត្ថបទ៖ ធូ វិរៈ






