ភ្នំពេញ៖ ឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបនិងហូតកន្លងមក រៀបចំពិធីយកមកកិនកម្ទេច ចោល។
ជាក់ស្ដែងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងដកហូត នាពេលកន្លងមក ក្រោមអធិបតីភាព លោកស្រី តិមា វិច្ឆិកាល អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, លោកជំទាវ ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោក លោកស្រី តំណាង ស្ថាប័ន អង្គភាព អាជ្ញាធរមានសមត្ថកិច្ច និងនាយ-នាយរងអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត។
តាមរបាយការណ៍របស់សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីមានបទបញ្ជារបស់ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦ ការិយាល័យជំនាញ រួមជាមួយមូលដ្ឋានអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤ របស់អាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ចំនួន ១៤លើក ចាប់យកវត្ថុតាងសរុប ៣៦៥,៧៨៣ រួមមាន បារីអេឡិចត្រូនិក ចំនួន២៦៩,០៣៣, ក្បាលជក់ ចំនួន ៦៩,៩១៣, ទឹកវ៉ែប ចំនួន ៧៩៤, ម៉ាស៊ីនកិនកញ្ឆា ចំនួន ៤៤៣ និងបារី ចំនួន ២៥,៦០០, ឃាត់ខ្លួនបណ្តោះអាសន្ន ជនជាប់ពាក់ព័ន្ធ ចំនួន ១៦នាក់ ក្នុងនោះ បានអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ១៤នាក់ និងបញ្ជូនទៅ តុលាការចំនួន ០២នាក់។
ក្នុងពិធីនេះដែរ លោកស្រី តិមា វិច្ឆិកាល បានពាំនាំនូវមតិផ្ដាំផ្ញើរបស់ ឯកឧត្តម ឃួង ស្រេង ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរជូនចំពោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការបង្ក្រាបនិងដកហូត ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ជាច្រើនករណីកន្លងមកនេះ។ លោកជំទាវបន្តថា សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពិតជាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយផលិតផលនាំឲ្យប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពសង្គម ជាពិសេសក្នុងចំណោមយុវជន និងបានណែនាំឲ្យសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងធ្វើការបង្ក្រាប និងដកហូត ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់បន្តទៀត។ ជាចុងក្រោយ លោកស្រី ក៏បានលើកឡើងនូវពាក្យស្លោកដ៏មានអត្ថន័យមួយឃ្លាថា "យើងត្រូវបំផ្លាញបារីអេឡិចត្រូនិច មុនបារីអេឡិចត្រូនិចបំផ្លាញសង្គមជាតិយើង"។
ជាមួយគ្នានេះ កន្លងមកដល់បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់ឲ្យ ក្រុមការងារចុះអប់រំនិងផ្សព្វផ្សាយ តាមបណ្តាមូលដ្ឋានសាលារៀននូវទិដ្ឋភាពច្បាប់ និងផលវិបាកសង្គមដោយសារការប្រើប្រាស់គ្រឿងញៀនក៏ដូចជាបារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ក្នុងគោលបំណងបង្កាទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ ដោយបានចុះផ្សព្វផ្សាយអប់រំ តាមបណ្តាសាលារៀនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសិស្សានុសិស្សចូលរួម ចំនួន ៥០៣៤៧នាក់ និងអង្គការមូលនិធិកុមារកម្ពុជា ហៅកាត់អង្គការCCF ចំនួន ១៦០នាក់៕អត្ថបទ៖ កុម្ភៈ










