ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលអំណោយពីសប្បុរសជននូវម៉ាសសរុប ចំនួន ២០ម៉ឺនម៉ាសពីសប្បុរសជន ក្នុងនោះ កញ្ញា ផាន់ សុនីតា នាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចំនួន ១០ម៉ឺនម៉ាស និង លោក SHIH HSIU CHEN ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រូ ស៊ីង ហ្គាម៉ែន ១០ម៉ឺនម៉ាស។
ការប្រគល់ជូនអាវុធហត្ថ រាជធានីភ្នំពេញ នូវ ២០ម៉ឺនម៉ាសនេះ គឺដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការការពារសុខភាពរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាល ជំងឺ កូវីដ-១៩។
ក្នុងពិធីប្រគល់ ទទួលម៉ាស ២០ម៉ឺនម៉ាស នារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះសប្បុរសជនខាងលើ ដែលមានសន្តានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធានផ្ទាល់ខ្លួនឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕ អត្ថបទ៖ តារាវុទ្ធី


