ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន៣០៧នាក់ (ស្រី៦៨នាក់) មាន ១៨សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
អនុវត្តតាមអនុសាសន៍ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំងឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញនូវក្រុមជនបរទេសទាំងនោះជាបន្តបន្ទាប់។
ជនបរទេសទាំង ១៨សញ្ជាតិ រួមមាន៖ ជនជាតិឥណ្ឌូនេស៊ី,ចិន,វៀតណាម,បង់ក្លាដេស,កូរ៉េ ,កាមេរូន ,ម៉ាទ្បេស៊ី, ចិនតៃវ៉ាន់ ,នីហ្សេរីយ៉ា,មីយ៉ាន់ម៉ា,ប៉ាគីស្ថាន,រុស្ស៊ី,ឥណ្ឌា,ជីប៊ូទី,បារាំង,ស្រីលង្កា,ហ្វីលីពីន,អេហ្ស៊ីប។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថាការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធប្រព្រឹត្តបទល្មើសផ្សេងៗដូចជា៖ ការលួចឆ្លងដែន, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិទទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា។
ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសំអាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕









