ភ្នំពេញ៖ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីនគរបាលការពារព្រំដែនគោកទាំងអស់ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដោយមិនអនុញ្ញាតឲ្យពលរដ្ឋ ឬពលករខ្មែរចេញ-ចូលដោយខុសច្បាប់បន្តទៀតនោះឡើយ ខណៈពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ចាប់ពីខែមករាដល់ខែមីនានេះ ជាងប្រាំម៉ឺននាក់ ក៏ត្រូវបានធ្វើចត្តាឡីស័កស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដែរនោះ។
ថ្លែងប្រាប់ប៊ីធីវី តាមរយៈសារអេឡិចត្រូនិក (តេលេក្រាម) នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក លៀង ភារម្យ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ពាក់កណ្តាលខែ មីនា ឆ្នាំ២០២១នេះ មានពលករ និងពលរដ្ឋខ្មែរបានវិលត្រឡប់មកពីប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិ មានចំនួន ៥២.២៣៥នាក់ ដោយក្នុងនោះ តាមច្រកទ្វាព្រំដែននៅយោធភូមិភាគទី៥ ចំនួន ៣៦.៣៤៧នាក់ តាមយោធភូមិភាគទី៤ ចំនួន ១៥.៨៨៨នាក់ ហើយពួកគាត់ត្រូវបានចាត់វិការស្របទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលទាំងអស់ផងដែរ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមទៀតថា «នគរបាលការពារព្រំដែនគោកទាំងអស់បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់បទបញ្ជាដោយហាមដាច់ខាតមិនឲ្យមានការលួចឆ្លងដែនខុសច្បាប់ចាប់តាំងពីខែមករាមក ហើយប្រសិនជាមាន គឺដាច់ខាតមិនឲ្យចេញ ហើយមួយទៀតបើចូលគឺត្រូវតែឃាត់ពួកគាត់ដោយឲ្យធ្វើចត្តាឡីស័កគ្រប់ៗគ្នាទាំងអស់ ខណៈបទបញ្ជាថ្មីរបស់រាជរដ្ឋាភិបាលនៅក្នុងខែមីនានេះ បងប្អូនចូលពីថៃមក គឺត្រឹមតែពិនិត្យសុខភាព វាស់កម្ដៅ ហើយបើគ្មានបញ្ហាអ្វីទេ គឺតម្រូវឲ្យទៅធ្វើចត្តាឡីស័កក្នុងសហគមន៍»។
ឯកឧត្ដម លៀង ភារម្យ បានលើកឡើងផងដែរថា នគរបាលការពារព្រំដែនគោកទាំងអស់ បានអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជាប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញ ហើយមួយគ្នានោះមន្ត្រីនគរបាលទាំងអស់បានរក្សាវិធានការ«៣ការពារ ៣កុំ»បើទោះបីជាពួកគាត់បានប្រឈមជាមួយបងប្អូនពលករផ្ទាល់ក៏ដោយនោះ៕ អត្ថបទ៖ បាន ចក់