សហភាពអឺរ៉ុប៖ ទិន្នន័យផ្លូវការពីទីភ្នាក់ងារស្ថិតិរបស់ប្រទេសដាណឺម៉ាកបានបង្ហាញកាលពីថ្ងៃអង្គារថា តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសដាណឺម៉ាកបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣៨ឆ្នាំមិនធ្លាប់មាន។ យោងតាមទីភ្នាក់ងារនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រទេសដាណឺម៉ាក (CPI) បានហក់ឡើងពី ៥.៤% កាលពីអំឡុងខែមីនា ដល់ ៦.៧% ក្នុងខែមេសា។

ទីភ្នាក់ងារដដែលបន្តថា តម្លៃបានហក់ឡើងខ្ពស់ ស្របពេលផលប៉ះពាល់នៃតម្លៃថាមពលសកលបន្តហក់ឡើងខ្លាំង ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន។ អ្វីដែលគេហៅថាជាអត្រាអតិផរណាគោលក្នុងប្រទេសដាណឺម៉ាក គឺថាមពលអគ្គិសនី ឧស្ម័នធម្មជាតិ ម្ហូបអាហារ និងថ្នាំជក់។ ទិន្នន័យបង្ហាញថា តម្លៃទំនិញបានហក់ឡើងខ្ពស់ដល់ ១០.៣% កាលពីឆ្នាំកន្លងទៅ ជាអត្រាខ្ពស់មិនធ្លាប់មានទាល់តែសោះចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៨២។ ការហក់ឡើងខ្ពស់ដែលគេហៅថា អត្រាអតិផរណាធ្ងន់ធ្ងរដែលមិនរាប់បញ្ចូលថាមពល និងប្រភេទអាហារផលិតពីគ្រាប់ធញ្ញជាតិនានា នៅក្នុងប្រទសដាណឺម៉ាកបានហក់ឡើងដល់ ៣.៦% ជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩០។ ដាណឺម៉ាកមិនមែនជាប្រទេសតែមួយគត់ ដែលទទួលរងផលប៉ះពាល់ពីការកើនឡើង នៃតម្លៃមុខទំនិញនៅតាមទីផ្សារនោះទេ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន និងដោយសារតែទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុង Moscow។
តម្លៃប្រេងឥន្ធនៈ និងអាហារបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងរយៈពេល ២ខែចុងក្រោយនេះដោយសារក្ដីបារម្ភពីការបញ្ឈប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ ដើម្បីដោះស្រាយជាមួយនឹងការហក់ឡើងតម្លៃមុខទំនិញនានា ធនាគារកណ្តាលនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀតបាននឹងកំពុងដំឡើងអត្រាការប្រាក់។ ទោះជាយ៉ាងណាក៏ដោយ ធនាគារជាតិ Nationalbanken របស់ប្រទេសដាណឺម៉ាក មិនទាន់បានផ្លាស់ប្តូរអត្រាការប្រាក់សំខាន់របស់ខ្លួននៅឡើយទេ ខណៈដែលធនាគារកណ្តាលអឺរ៉ុបក៏បានរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូររហូតមកដល់ពេលនេះ បើទោះបីជាអតិផរណាកើនឡើងនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូក៏ដោយ៕
អត្ថបទ៖ សុខមាន