សៀមរាប៖ ការប្រកួតកីឡាជឺជីតស៊ូជើងឯកតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ ដែលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ និងទទួលបានការសរសើរមិនដាច់ពីមាត់ពីបណ្ដាប្រទេសចូលរួមទាំងអស់។
បន្ទាប់ពីដំណើរការប្រកួតរយៈពេលបីថ្ងៃ ជើងឯកជឺជីតស៊ូអាស៊ីអាគ្នេយ៍២០២៦ បានបិទបញ្ចប់នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមទេស រដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា តំណាងក្រសួងអប់រំយុវជន និងកីឡា និងថ្នាក់ដឹកនាំខេត្តសៀមរាប ព្រមទាំងមន្ត្រីជាច្រើនរូបផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញមោទនភាពដែលកម្ពុជាត្រូវជឺជីតស៊ូអាស៊ីជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ និងអរគុណដល់ផ្នែកពាក់ព័ន្ធដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការដោយជោគជ័យ។
ទាក់ទងនឹងការរៀបចំ លោក Henry Kothagoda ប្រធានប្រតិភូប្រទេសិង្ហបុរី បានបង្ហាញអារម្មណ៍ថានេះជាឱកាសដ៏អាស្ចារ្យសម្រាប់ប្រតិតភូសិង្ហបុរីដែលបានចូលរួមការប្រកួតនាពេលនេះ ហើយកម្ពុជាពិតជារៀបចំការប្រកួតបានល្អ នេះជាព្រឹត្តិការណ៍កីឡាដ៏ល្អ កីឡាករទាំងអស់បង្ហាញភាពជាកីឡាដ៏ស្អាតស្អំ ហើយសង្ឃឹមថានឹងមកកម្ពុជាម្ដងទៀត។ លោកនៅបានបន្ថែមថាការរៀបចំជោគជ័យលើសពីការរំពឹងទុក។ លោកនៅបានមើលឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងពោលសរសើរដល់អាកាសយានដ្ឋានថាស្អាត និងអនាម័យ។
ចំណែកគ្រូបង្វឹកជម្រើសជាតិហ្វីលីពីនលោកលោក Jucci Mallari បានពោលសរសើរប្រជាជន និងប្រទេសកម្ពុជា ក៏ដូចជាការរៀបចំការប្រកួតរបស់ហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា។ ដោយការប្រកួតធ្វើនៅខេត្តសៀមរាប ក្រោយបញ្ចប់បេសកកម្មប្រកួត លោក និងកីឡាករ កីឡាការិនី នឹងទៅទស្សនាប្រាសាទនានា។
ក្រោយបញ្ចប់ការប្រកួតរយៈពេល៣ថ្ងៃ (ថ្ងៃទី២១-២៣ ខែសីហា ឆ្នាំ២០២៦) កម្ពុជាដណ្ដើមបានមេដាយសរុប ១០៩គ្រឿង មេដាយមាស ១៥ ប្រាក់២៨ និងសំរឹទ្ធ ៦៦ គ្រឿង៕







