បាល់ទាត់៖ ក្លិបបាល់ទាត់ Manchester City បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការហើយ ក្នុងការនាំយកខ្សែប្រយុទ្ធណ័រវេយ Erling Haaland ពី Borussia Dortmund ក្នុងតំលៃ ៥១.២លានផោន។ កីឡាករវ័យ ២១ឆ្នាំរូបនេះនឹងផ្លាស់មកកាន់ Manchester City នៅខែកក្កដាខាងមុខនេះ។
កិច្ចព្រមព្រៀងនេះធ្វើឱ្យ Manchester City បញ្ចប់បេសកកម្មក្នុងការស្វែងរកខ្សែប្រយុទ្ធជួរមុខ បន្ទាប់ពីការចាកចេញរបស់កីឡាករអាហ្សង់ទីន Sergio Aguero ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិប។ Erling Haaland ដែលបានធ្វើការពិនិត្យសុខភាពរួចរាល់នៅប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃចន្ទនោះ បានស៊ុតបញ្ចូលទី ៨៥គ្រាប់ក្នុងការបង្ហាញខ្លួន ៨៨ប្រកួតជាមួយ Dortmund តាំងពីផ្លាស់ពី Red Bull Salzburg កាលពីខែមករា ឆ្នាំ២០២០។
រំលឹកថា Erling Haaland បានស្ថិតក្នុងគោលដៅរបស់ Manchester City ច្រើនខែមកហើយ និងបានក្លាយជាបេក្ខភាពជួរមុខ បន្ទាប់ពីក្លិបជើងឯក Premier League មួយនេះបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធអង់គ្លេស Harry Kane កាលពីដើមរដូវកាល។ Erling Haaland បានបង្ហាញខ្លួនឱ្យក្លិបដើម Molde នៅប្រទេសណ័រវេយ Red Bull Salzburg នៅអូទ្រីស និង Dortmund នៅអាល្លឺម៉ង់សរុប ១២១ប្រកួត និងស៊ុតបញ្ចូលទីបានសរុប ៩២គ្រាប់។ Haaland ក៏បានក្លាយជាកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទីបាន ២០គ្រាប់នៅក្របខណ្ឌ UEFA Champions League ផងដែរ៕
អត្ថបទ៖នាង សុភាវុធ