អ្នកការពារតំណែងជើងឯកពិភពលោក Lando Norris និងក្រុម McLaren បានបង្ហាញយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ ដើម្បីយកឈ្នះ Kimi Antonelli របស់ Mercedes ដើម្បីឈ្នះការប្រណាំងនៅហូឡង់ Dutch Grand Prix។
ការប្រកួតដែលពោរពេញដោយការប្រែប្រួល បានចាប់ផ្តើមយ៉ាងចលាចល ខណៈ Max Verstappen បានរេចង្កូតបុកជញ្ជាំងផ្លូវ នៅលើផ្លូវដែលមានសំណើមនៅចុងជុំទី១ ដែលបណ្តាលឱ្យការប្រកួតត្រូវបានបញ្ឈប់ជាបណ្តោះអាសន្នក្រោមទង់ក្រហម។
ក្រោយការចាប់ផ្តើមការប្រកួតឡើងវិញ Antonelli បានវ៉ាដាច់ Norris ឡើងទៅកាន់កាប់តំណែងនាំមុខ។ ប៉ុន្តែតាមរយៈការចូល Pit Stop ចំនួនពីរលើក Norris បានប្រើប្រាស់យុទ្ធសាស្ត្រសំបកកង់យ៉ាងមានប្រសិទ្ធភាព ហើយនៅទីបំផុតអាចវ៉ាដាច់ Antonelli ដើម្បីឈ្នះការប្រកួត។
នៅពេលនោះ Lewis Hamilton កំពុងនាំមុខការប្រកួត ដោយនៅពីមុខ Norris និង Antonelli ដែលកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ។ Hamilton មានយុទ្ធសាស្ត្រ Pit Stop ខុសពីអ្នកទាំងពីរ ប៉ុន្តែ Norris បានវ៉ាដាច់ Hamilton នៅជុំដដែលនោះ ដើម្បីឡើងទៅកាន់តំណែងលេខ១វិញ។
នៅចុងការប្រកួត ការប្រើប្រាស់ Virtual Safety Car មួយលើក បានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងក្រុម Mercedes បន្ទាប់ពី George Russell ត្រូវបានបញ្ជាឱ្យបើកផ្លូវឱ្យ Antonelli ទៅមុខ ដើម្បីឱ្យមិត្តរួមក្រុមឡើងទៅកាន់ចំណាត់ថ្នាក់លេខ២។ ស្ថានភាពនេះក៏បានធ្វើឱ្យ Russell ប្រឈមនឹងការគំរាមកំហែងពី Hamilton ផងដែរ។
ទោះជាយ៉ាងណា Russell បានការពារតំណែងរបស់ខ្លួនបានយ៉ាងល្អទោះមានការគម្រាមកំហែងពី Hamilton នៅជុំចុងក្រោយក៏ដោយ។
លទ្ធផលនេះធ្វើឱ្យ Antonelli នៅតែមានប្រៀប ៥៩ ពិន្ទុ លើ Russell ក្នុងតារាងជើងឯកពិភពលោក។ Russell មានពិន្ទុសរុបស្មើនឹង Hamilton ប៉ុន្តែត្រូវបានចាត់ថ្នាក់នៅពីលើ ដោយសារគេមានជ័យជម្នះ ២ លើក ខណៈ Hamilton ឈ្នះ ១ លើក។ សម្រាប់ Norris វិញ ជ័យជម្នះជាលើកទី២ជាប់គ្នា បានធ្វើឱ្យគេបង្រួមគម្លាតមកនៅត្រឹម ៨៣ ពិន្ទុ ពីអ្នកកំពុងនាំមុខតារាង។
F1 នឹងបន្តដំណើរទៅទីលាន Monza ប្រទេសអ៊ីតាលីដើមខែកញ្ញាខាងមុខ៕ អត្ថបទ៖នាង សុភាវុធ