ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយក្រុមវិភាគបណ្តាញសង្គម ខ្មែរនៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន សហអាមេរិក។
អ្នកវិភាគលើបណ្តាញសង្គមដែលសម្តេចតេជោអនុញ្ញាតឱ្យជួបសន្ទនាមានជាង ១០រូប ។ លោក ម៉ក់ ហឺន គឺជាអ្នកវិភាគបញ្ហាសង្គមមួយរូប ដែលតែងតែលើកបង្ហាញនូវតថភាពពិតនៃបញ្ហាក្នុងសង្គមខ្មែរ។ រាល់ការផ្សាយលើបណ្តាញសង្គម លោក ម៉ក់ ហឺន តែងលើកទាំងភាពវិជ្ជមាន និងអវិជ្ជមាននៅក្នុងសង្គមខ្មែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន នៅវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី១០ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងវេលាម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី១១ ខែឧសភា ម៉ោងនៅកម្ពុជា៕










