ប្រណាំងកង់៖ កីឡាករប្រណាំងកង់អាល្លឺម៉ង់ Lennard Kemna បានប្រជែងឈ្នះដំណាក់កាលទី៤ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia ខណៈដែលកីឡាករអេស្ប៉ាញ Juan Pedro Lopez ឡើងមកនាំមុខរួម។

ដំណាក់កាលទី៤ ដែលមានចំងាយផ្លូវ ១៦៦គីឡូម៉ែត្រជាដំណាក់កាលឆ្លងកាត់ផ្លូវឡើងចុះភ្នំនោះ កីឡាកររបស់ក្រុម Bora-Hansgrohe, Lennard Kemna បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៣២នាទី ១១វិនាទីតាមពីក្រោយដោយកីឡាកររបស់ក្រុម Trek-Segafredo, Juan Pedro Lopez យឺតជាង ១វិនាទី និងលេខ៣ កីឡាករអេស្តូនី Rein Taaramae យឺតជាង ៣៤វិនាទី។ ក្រោយ ៤ដំណាក់កាលនេះ Juan Pedro Lopez បានឡើងមកនាំមុខគេក្នុងតារាងរួមពាក់អាវកាក់ពណ៌ផ្កាឈូក ដោយវេលាចំណេញលើអ្នកលេខ២ Lennard Kemna ៣៩វិនាទី។ សំរាប់ដំណាក់កាលទី៥ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៧២គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ