បេឡារុស៖ កងកម្លាំងប្រដាប់អាវុធបាននិយាយកាលពីថ្ងៃអង្គារ ខណៈដែលលោកប្រធានាធិបតី Alexander Lukashenko បាននិយាយពីតួនាទីរបស់មីស៊ីលផលិតដោយប្រទេសរុស្ស៊ី ក្នុងការបង្កើនសមត្ថភាពការពារជាតិរបស់ប្រទេសនេះថា បេឡារុសនឹងដាក់ពង្រាយកងទ័ពប្រតិបត្តិការពិសេសនៅក្នុងតំបន់ចំនួន ៣ ជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសអ៊ុយក្រែន។

សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី បេឡារុសធ្លាប់បានលើកឡើងកាលពីខែមីនាថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងមិនចូលរួមជាមួយអ្វីដែលក្រុង Moscow ហៅថាជាប្រតិបត្តិការសឹកពិសេសក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែប្រទេសនេះពិតជាបានផ្ដល់ដែនដីរបស់ខ្លួនជាទីតាំង សម្រាប់ការបញ្ជូនកងទ័ពរាប់ពាន់នាក់ឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។ ទីក្រុងមីនស៍ (Minsk) ដែលបានត្អូញត្អែររយៈពេលជាច្រើនខែ អំពីសកម្មភាពប្រមូលផ្ដុំទាហានដ៏ធំរបស់សម្ព័ន្ធយោធាណាតូជិតព្រំដែននានារបស់ខ្លួន ដែលមានដូចជាប្រទេសប៉ូឡូញ លីទុយអានី និងឡាតវីដែលសុទ្ធតែជាសមាជិកសម្ព័ន្ធមិត្តណាតូទាំងអស់ កំពុងបង្កើនចំនួនកងទ័ព និងសកម្មភាពនៃសមយុទ្ធយោធារបស់ខ្លួន ជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់សម្ព័ន្ធនេះ។
ប្រធាននាយសេនាធិការលោក Viktor Gulevich បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតែបន្តបង្កើនវត្តមានយោធារបស់ខ្លួន នៅតាមព្រំដែននានារបស់សាធារណរដ្ឋបេឡារុស។ ការផ្ដុំកម្លាំងនេះបានកើនឡើងលើសទ្វេដងក្នុងរយៈពេល ៦ខែកន្លងទៅនេះទាំងបរិមាណ និងសមត្ថភាពយោធា៕
អត្ថបទ៖ សុខមាន