នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអ្នកតាប៉ោត បឹងឈ្នាង បឹងដំរីឆ្លង ឃុំរាយប៉ាយ និងចំណុច ព្រែកខ្លាក្រទាម ឃុំព្រែកគុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងដំណើរនេះ មានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ អាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ក្រោមការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រុមការងារបានរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន ឧបករណ៍ស្បៃមុងចំនួន ៣៧មាត់ របាំងស្បៃមុង៣ ០៥០ម៉ែត្រ ឧបករណ៍សាច់អួនលើសប្រវែង៤មាត់ របាំង៥៥០ម៉ែត្រ ចម្រឹង/បង្គោលចំនួន៧២០ដើម និងបានចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណ១៧៥គីឡូក្រាម។ ជាមួយគ្នានេះ ក្រុមការងារបានចុះរើសម្រាស់និងកំប្លោកដែលបាំងខ្ទប់ព្រែកដែលមិនអាចឱ្យកាណូតធ្វើចរាចរណ៍បាន រហូតដល់សម្រាស់ទាំងនោះបានបែកជាចំណែកៗនិងហូរតាមទឹកអស់។
មុននឹងបញ្ចប់បេសកកម្ម ឯកឧត្តមក៏បានថ្លែងអំណរគុណ និងសូមសរសើរដល់ក្រុមការងារចម្រុះ ដែលតែងតែខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្មដូចភ្លៀងរលឹមជាប្រចាំផងដែរ៕







