បាល់ទាត់៖ ចាប់ពីរដូវកាល ២០២៤-២០២៥ តទៅក្រុមចូលរួមនៅក្របខណ្ឌអឺរ៉ុប UEFA Champions League នឹងកើនឡើងពី ៣២ ទៅ ៣៦ក្រុមបន្ទាប់ពីការផ្លាស់ប្តូរនេះត្រូវបានអនុម័តដោយ UEFA។ សំរាប់ ២ក្រុមក្នុងចំណោម ៤ក្រុមថ្មីដែលនឹងឡើងមកបង្គ្រប់ ៣៦ក្រុមនោះគឺនឹងផ្តល់ឱ្យក្លិបមកពីលីគដែលមានក្រុមឆ្នើម នៅក្នុងក្របខណ្ឌរបស់អឺរ៉ុបក្នុងរដូវកាលនីមួយៗ។
រូបមន្តបច្ចុប្បន្នក្រុមនីមួយៗត្រូវលេងក្នុងពូល ៦ប្រកួត ៣ក្នុងដី ៣ក្រៅដី តែក្រោមរូបមន្តថ្មីនេះក្រុមនីមួយៗនឹងត្រូវលេង ៨ប្រកួតក្នុងពូលរបស់ខ្លួនត្រឹមរយៈពេល ១០សប្តាហ៍។ ៨ប្រកួតនោះគឺក្នុងដី ៤ ក្រៅដី ៤ប្រកួតតែក្រុមទាំង ៨ ដែលត្រូវជួបគ្នានោះគឺខុសៗគ្នាទាំងអស់ ហើយនឹងត្រូវបូកជាប្រព័ន្ធលីគវិញ ដោយក្នុងចំណោម ៣៦ក្រុមនោះ ៨ក្រុមលើគេត្រូវឡើងវគ្គបន្ត ក្រុមលេខ៩ ដល់លេខ២៤ ត្រូវលេងវគ្គ Play-Off ពីរជើងក្នុង និងក្រៅដី ឯក្រុមពីលេខ២៥ ទៅដល់ ៣៦ ធ្លាក់ចេញពីការប្រកួត។ ជុំវិញកំណែទម្រង់នេះ សមាគមក្លិបបាល់ទាត់អឺរ៉ុបហៅកាត់ថា ECA ដែលមានសមាជិកជាង ២៤០ក្លិបនោះបានបង្ហាញការគាំទ្រពេញទំហឹង៕
អត្ថបទ៖នាង សុភាវុធ