សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ អំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតុល្យភាពគោលនយបាយអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា និរន្តរភាពនៃគោលនយោបាយជាតិ គឺសំខាន់ណាស់ បើរដ្ឋបាលមួយដាក់ចេញនៅគោលនយោបាយក្នុងអាណត្តិមួយស្រាប់តែត្រូវលុបចោលវិញនៅអាណត្តិថ្មីនោះនឹងបាត់បង់និរន្តរភាពមិនខាន ខណៈរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយដែលយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាជន និងការអភិវឌ្ឍជាតិ។
សូមជម្រាបថា គោលនយោបាយស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» រួមផ្សំជាមួយ «កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច» ដែលត្រូវបានដាក់ចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ចំណែក រចនាសម្ព័ន្ធ និងខ្លឹមសារសំខាន់ៗនៃគោលនយោបាយនេះរួមមាន៖
១. យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (Pentagonal Strategy - Phase 1)៖ យុទ្ធសាស្ត្រនេះផ្តោតលើ បាវចនា ៥ គោលដៅយុទ្ធសាស្ត្រ ៥ និងអាទិភាពគន្លឹះ ៥៖ បាវចនាទាំង ៥៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព។ អាទិភាពគន្លឹះទាំង ៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា (ដោយបន្ថែម «បច្ចេកវិទ្យា» ក្នុងយុទ្ធសាស្ត្រចតុកោណមុនៗ)។
២. កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាបន្ទាន់នូវកម្មវិធីអាទិភាពទាំង ៦ នេះ រួមមាន៖ ទី១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។ ទី២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យនៅទូទាំងប្រទេស។ ទី៣៖ ការធ្វើសមាហរណកម្មកម្មវិធីជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងអាសន្ន។ ទី៤៖ ការដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគេទទួលបានការគាំពារ។ ទី៥៖ ការដាក់ចេញយន្តការសម្របសម្រួល និងហិរញ្ញប្បទាន សម្រាប់លើកកម្ពស់ផលិតកម្ម រក្សាទីផ្សារ និងលំនឹងតម្លៃកសិផល។ ទី៦៖ ការចាត់បែងចែកមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំបង្កើតសមាគមកសិករនៅតាមជនបទ។
ចំណែកទី៣. ទិសដៅកំណែទម្រង់គន្លឹះ រួមមាន៖ អភិបាលកិច្ច និងស្ថាប័ន៖ ផ្ដោតលើការកែទម្រង់រដ្ឋបាលសាធារណៈ ប្រព័ន្ធយុត្តិធម៌ និងហិរញ្ញវត្ថុសាធារណៈ។ អភិក្រមការងារ៖ ប្រកាន់ជំហរ «ពង្រឹងជាជាងពង្រីក» ដោយបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង-ស្ថាប័នដែលមានស្រាប់ជាជាងការបង្កើតថ្មី។













