សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្រោមកម្មវិធីពិសេសសម្រាប់ការវិនិយោគខេត្តភាគឦសាន គិតត្រឹមសប្ដាហ៍ទី១ ខែសីហា ឆ្នាំ២០២៦នេះ ទទួលបានគម្រោងវិនិយោគសរុបចំនួន ៧២គម្រោង ក្នុងនោះមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារ បង្កើតការងារជាង ៨ម៉ឺនកន្លែង ក្នុងនោះខេត្តក្រចេះក៏ទទួលបាន ១៩គម្រោងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ជំរុញឱ្យខេត្តនៅភាគឦសានបង្កើនការវិនិយោគ ដាំដុះដំណាំកសិ-ឧស្សាហកម្មប្រចាំខេត្ត ខណៈនាពេលខាងមុខនៅខេត្តក្រចេះនឹងមានកំពង់ផែពហុបំណង ដែលអាចដឹកញ្ជូនតាមផ្លូវទឹកតាមគម្រោងព្រែកជីកហ្វូណនតេជោទៅដល់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុតែម្ដង។
សម្ដេចធិបតីថ្លែងថា វិស័យកសិកម្ម កម្ពុជាមិនចង់ត្រឹមរុញតែវត្ថុធាតុដើមប៉ុណ្ណោះទេ គឺត្រូវផលិតជាផលិតផលសម្រេច ដើម្បីបានតម្លៃខ្ពស់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា គម្រោងវិនិយោគសរុបចំនួន ៧២ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ដែលទុនសរុបនៃគម្រោងនេះមានចំនួន ២៧០០ លានដុល្លារអាមេរិក គម្រោងនេះបង្កើតការងារជាង ៨ម៉ឺនកន្លែង ក្នុងនោះក្នុងខេត្តក្រចេះមានគម្រោងសរុបចំនួន ១៩ ក្នុងនោះគម្រោងចំនួន ១៤ ត្រូវបានពិនិត្យ និងបន្តនីតិវិធី គម្រោងទាំង១៩នេះ មានទុនសរុបចំនួន ១,១ ពាន់លានដុល្លារអាមេរិក និងគ្រោងប្រើកម្មករជាង ២៦០០០ នាក់ពេលគម្រោងអនុវត្ត។
ចំណែកខេត្តស្ទឹងត្រែង ទទួលបាន ២០គម្រោង ក្នុងនោះ គម្រោងចំនួន ១៦ ត្រូវបានពិនិត្យ និងបន្តនីតិវិធី គម្រោងទាំង ២០នេះ មានទុនសរុប ១៤១លានដុល្លារ។ ខេត្តរនគិរី គម្រោងស្នើសុំវិនិយោគសរុប មានចំនួន ១១ គម្រោង ក្នុងនោះគម្រោងចំនួន ១០ ត្រូវបានពិនិត្យ និងបន្តនីតិវិធី មានទុនសរុបជាង ៨៨១ លានដុល្លារអាមេរិក ត្រូវការកម្មករជាង ៤ម៉ឺននាក់។ ខេត្តមណ្ឌលគិរីមានគម្រោងវិនិយោគសរុបចំនួន ២២ ក្នុងនោះគម្រោងចំនួន ១៣ ត្រូវបានពិនិត្យ និងបន្តនីតិវិធី គម្រោងទាំង ២២នេះ មានទុនសរុបចំនួន ៥១១ លានដុល្លារ អាចបង្កើតការងារជាង ៥ពាន់នាក់ ភាគច្រើនលើវិស័យទេសចរណ៍។ នេះ គឺជាការជំរុញដាក់ចេញ តភ្ជាប់ ព្រោះបើយើងធ្វើតែផ្លូវមិនគ្រប់ទេ បើធ្វើតែផ្លូវមិនរៀបចំហេរដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ គឺមិនមានអ្នកទៅលេងទេ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ការធ្វើឱ្យមូលដ្ឋានសេដ្ឋកិច្ចមានភាពធន់ ត្រូវមានដី មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងស្ថាប័ន រួមមានគោលនយោបាយ និងគោលការណ៍ច្បាប់ច្បាប់ ដែលនេះគឺជាទិសដៅរបស់រាជរដ្ឋាភិបាល ហើយបាននឹងកំពុងធ្វើផ្ដល់ជូនពលរដ្ឋ៕










