សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចាប់តាំងពីដើមអាណត្តិមក គ្មានគម្រោងចំពោះការកាត់បន្ថយ ឬបង្កើនក្រសួង ស្ថាប័ននោះទេ មានតែការពង្រឹង និងប្រសិទ្ធផលការងារបន្ថែម។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបានបញ្ជាក់ជាថ្មីថា «តាំងពីដើមអាណត្តិ រហូតមកដល់ពេលនេះ រដ្ឋាភិបាលអត់មានគម្រោងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺប្រកាន់ជំហរ ពង្រឹងជាជាងពង្រីក ដោយពង្រឹងស្ថាប័ន ក្រសួងនីមួយៗ តាមរយៈការធ្វើវិភាគមុខងារ និងកែទម្រង់មកដល់ម៉ោងនេះ»។ ក្នុងនោះទី១ ពង្រឹងរចនាសម្ព័ន្ធ ទី២ ពង្រឹងមុខងារ ទី៣ ពង្រឹងធនធានមនុស្ស, ដោយធ្វើម៉េចដាក់រឿងនេះជាគោលដៅជាមុនសិន។
សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ មិនត្រូវនិយាយតែតួលេខទេ តែត្រូវមើលពីប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងនោះ សម្ដេចបានលើកឡើងពីប្រទេសមួយចំនួនដូចជាឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង និងឥណ្ឌាជាដើម សុទ្ធតែបានពង្រីកប្រព័ន្ធរដ្ឋបាលសាធារណៈ។ ចំណែករឿងរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនសួររឿងក្រសួងច្រើន ឬតិចនោះទេ។ អ្វីដែលសួរ តើក្រសួង ស្ថាប័នមានស្រាប់ មានប្រសិទ្ធភាពហើយឬនៅ? សម្តេចថ្លែងថា រឿងដែលត្រូវធ្វើលើប្រព័ន្ធរដ្ឋបាលសាធារណៈ គឺត្រូវពង្រឹងរចនាសម្ព័ន្ធ ពង្រឹងប្រសិទ្ធភាព និងធនធានមនុស្ស, ចំណែកកំណែទម្រង់រដ្ឋបាលសាធារណៈ កម្ពុជាអត់យកតាមវៀតណាម តាមចិន ឬឥណ្ឌានោះទេ។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាមិនយកគំរូតាមប្រទេសណានោះទេ តែកម្ពុជាជ្រើសយករូបមន្តណា ដែលសិក្សាថាត្រូវ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន។ចំណែកអ្នកវិភាគ និងអ្នកឱ្យយោបល់លើការកែតម្រង់នេះ សម្ដេចស្វាគមន៍ និងចង់ឃើញអ្នកវិភាគបន្តផ្តល់យោបល់កែលម្អលើជម្រើសរបស់រាជរដ្ឋាភិបាល ដែលជ្រើសយកកំណែទម្រង់រដ្ឋបាលសាធារណៈមិនបង្រួម តែពង្រឹងប្រសិទ្ធភាពនេះឯង៕






