ភ្នំពេញ៖ ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ១៩ចូលសហគមន៍ កម្មករកាត់ដេរដែលបម្រើការងារនៅរោងចក្រ SLJ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលរួមប្រតិបត្តិតាមការណែនាំរបស់ក្រសួងសុខាភិបាល តាមរយៈវាស់កម្ដៅនៅលើខ្លួនប្រាណ លាងសម្អាតដៃជាមួយនិងអាកុលឬជែល ពាក់ម៉ាស់ រួមនឹងបាញ់សម្លាប់មេរោគនៅក្នុងនិងក្រៅបរិវេណរោងចក្ររបស់ខ្លួន។
លោក ជួន ពុធណា ជំនួសការផ្នែកបច្ចេកទេសនៃរោងចក្រកាត់ដេរ SLJ នៅថ្ងៃទី២១ ខែមីនានេះបាន BTV ឲ្យដឹងថា បន្ទាប់ពីមានការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពី វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ បច្ចុប្បន្នកម្មកររោងចក្របានចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបានចូលរួមពាក់ម៉ាស លាងសម្អាតដៃជាមួយនឹងអាកុលឬជែល វាស់កម្ដៅមុននឹងចូលបំពេញការងារជាប្រចាំ។ លោក បានបន្តថា ទន្ទឹមនឹងវិធានបង្កាជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍នោះដែរ តាមរយៈការណែនាំបន្ថែមពីអាជ្ញាមូលដ្ឋាន រោងចក្រ SLJ ក្រៅពីត្រួតពិនិត្យកម្ដៅកម្មករ រោងចក្រនូវបានបាញ់ថ្នាំសម្លាប់មេរោគ នៅតាមអាគារកាត់ដេរ ដែលជាតំបន់ប្រឈមខ្លាំងនៅពេលកម្មករកំពុងបំពេញការងារ។
លោក ជួន ពុធណា បានបញ្ជាក់ថា កម្មករកម្មការនីរោចក្រ SLJ បានចូលរួមយកចិត្តទុកបំផុតក្នុងការចូលរួមអនុវត្តវិធានការការពារពីជំងឺកូវីដ-១៩ ដើម្បីបញ្ចៀសពីហានិភ័យផ្សេងៗត្រូវបានកើតឡើងក្នុងរោងចក្រ។
ទាក់ទងទៅនឹងវិធានការបង្ការជំងឺកូវីដ១៩នេះដែរ លោក ជួន ពុធណា តំណាងរោងចក្រ បានបញ្ជាក់បន្ថែមថា រាល់ពេលដែលកម្មករកម្មការនីបំពេញការងារនឹងត្រូវបានប្រធានផ្នែកបន្តតាមដាន ស្ថានភាពសុខភាពកម្មករក្នុងក្រុម ករណីមានកម្មករសង្ស័យមានកម្ដៅ ឬ ក្អក ផ្ដាសាយ ប្រធានផ្នែក ឬតំណាងក្រុម ត្រូវជំរុញកម្មករទាំងនោះអោយទៅប្រឹក្សាជាមួយគ្រូពេទ្យប្រចាំរោងចក្រ ដើម្បីទទួលយកការព្យាបាលជំងឺបឋម មុននិងបន្តទៅរកការព្យាបាលនៅតាមមន្ទីរពេទ្យណាមួយ ដែលមានការចេញលិខិតពីរដ្ឋបាលរោងចក្រផងដែរ៕ អត្ថបទ៖ សេក ឧត្តម