នៅថ្ងៃទី២៥ ខែសីហានេះ គណៈប្រតិភូ ដែលត្រូវចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ISC-2 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ជាបណ្ដើរៗ បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ។

នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅថ្ងៃនេះ មានការអញ្ជើញមកដល់នៃប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា និងអង្គការអន្តរជាតិពាក់ព័ន្ធ នៃប្រទេសជាង៣០នៅជុំវិញពិភពលោក បាននិងកំពុងអញ្ជើញមកដល់រាជធានីភ្នំពេញជាបណ្តើរៗ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ISC-2 នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ស្នេះ ពុនយ៉ាម៉ីន សមាជិកព្រឹទ្ធសភាព បាននិងកំពុងអញ្ជើញទទួលធ្វើបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ប្រតិភូប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា និងអង្គការអន្តរជាតិពាក់ព័ន្ធមកពី ទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន។
សម្រាប់នៅតាមដងវិថីសម្តេចតេជោ ហ៊ុន សែន ទៅកាន់អាកាសយានដ្ឋាន ក៏មានលើកស្លាកបដា អបអរសាទរ សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (2nd - Inter-Parliamentary Speakers Conference – ISC-2) រៀបចំក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដើម្បីស្វាគមន៍ប្រតិភូអន្តរសភាមកពីតាមបណ្តាប្រទេសនានាផងដែរ។
សម្រាប់កម្ពុជា នៅក្នុងឋានៈជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២នេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង និងការបន្តប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការ ចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តាមរយៈយន្តការអន្តរសភា និងសាមគ្គីភាពរវាងសភា នៃបណ្តាប្រទេស និងអង្គការអន្តរសភាទាំងអស់ពីគ្រប់តំបន់ ដែលការណ៍នេះ ក៏នឹងរួមចំណែកដល់ ការសម្រេចបាននូវបំណងប្រាថ្នាជាសកលដើម្បីសន្តិភាព និងវិបុលភាពរួម ព្រមជាមួយនឹងការពង្រឹង ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី៕ អត្ថបទ៖ ស៊ុម សុខជា





