ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា មកដល់ពេលនេះ មគ្គុទេសក៍ទេសចរណ៍មួយចំនួន បានចាប់ផ្តើមត្រឡប់ចូលមកបំរើការងាររកចំណូលពីការបកប្រែភាសានាំភ្ញៀវទេសចរអន្តរជាតិដើរកម្សាន្តទស្សនានៅកម្ពុជា។
លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១១ ខែឧសភានេះថា នៅក្នុងអំឡុងពេលកម្ពុជា ជួបការរាតត្បាតកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះ មគ្គុទេសក៍ទេសចរណ៍ប្រមាណតែ ១២០នាក់ បានស្នើសុំព្យួរអាជ្ញាប័ណ្ឌផ្អាកអាជីវកម្មខ្លួន ហើយមានអាជីវកម្មមគ្គុទេសក៍ទេសចរណ៍បានប្រមាណ ជាង ៦ ៦០០ នាក់ បានបន្តសុពលភាពអាជ្ញាប័ណ្ណខ្លួនដើម្បីបន្តអាជីវកម្មផ្តល់មគ្គុទេសក៍ទេសចរណ៍ជាធម្មតា បើទោះកម្ពុជាមានភ្ញៀវទេសចរអន្តរជាតិតិចតួចមកទស្សនាក៏ដោយ។
លោក បន្តថា ជាការកត់សំគាល់នៅក្នុងអំឡុងពេលដែលអាជីវកម្មមគ្គុទេសក៍ទេសចរណ៍ ពុំមានសកម្មភាពនាំភ្ញៀវដើរកម្សាន្ត មគ្គុទេសក៍ទេសចរណ៍ភាគច្រើន បានផ្លាស់ប្តូរមុខរបរទៅប្រកបអាជីវកម្មរកចំណូលផ្សេងក្រៅពីវិស័យទេសចរណ៍ ។
សម្រាប់លោក ឈិន ដាវីន ប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍នៅរាជធានីភ្នំពេញ ថ្លែងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្តគឺបានធ្វើអោយអ្នកមគ្គុទេសក៍ទេសចរណ៍ស្ទើតែទំាងអស់បានធ្វើអាជ្ញាប័ណ្ណបន្តសុពលភាពអាជីវកម្មពីរឆ្នាំម្តងដោយមិនមានបង់ពន្ធ និងយកកម្រៃធ្វើអាជីវកម្ម ហើយរហូតមកនេះរូបលោកផ្ទាល់ ក៏ដូចអ្នកមគ្គុទេសក៍ទេសចរណ៍នានាទៀត បានកំពុងត្រៀមត្រឡប់ទៅរកចំណូលពីវិស័យទេសចរណ៍ ខណៈភ្ញៀវទេសចរអន្តរជាតិជាច្រើនបានមកទស្សនាកម្ពុជាច្រើនឡើងវិញ នៅនៅចាប់ពីខែកក្តដាខាងមុខនេះតទៅ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានមគ្គុទេសទេសចរណ៍បកប្រែភាសានាំភ្ញៀវទេសចរអន្តរជាតិដើរកម្សាន្តចំនួន ១៣ភាសា សរុបចំនួនជាង ៦៦០៦នាក់ ក្នុងនោះមានមគ្គុទេសក៍ទេសចរណ៍ ជាប់កិច្ចសន្យាធ្វើការជាមួយក្រុមហ៊ុនការីទេសចរណ៍ ខណៈមានមគ្គុទេសក៍ទេសចរណ៍ជាច្រើនទៀតកំពុងធ្វើការជាការងារFree Land រង់ចាំនាំភ្ញៀវដើរកម្សាន្តជាលក្ខណៈឯកជន៕
អត្ថបទ ស៊ុម សុខជា