ភ្នំពេញ៖ កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ នៃការតភ្ជាប់សហគ្រាសដឹកជញ្ជូន ការសម្របសម្រួល និងបែបបទនៃការនាំចេញ-នាំចូល ដើម្បីជួយដល់ការដឹកជញ្ជូននៃប្រទេសទាំងពីរ ឲ្យប្រព្រឹត្តទៅដោយរលូន និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើរ។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ថា កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំ លើកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សហគ្រាសដឹកជញ្ជូនរវាងប្រទេសទាំងពីរ ដែលកិច្ចការនេះមានសារៈសំខាន់ៗ សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ នៃវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរបន្ថែម ការដោះស្រាយបញ្ហាកំពុងជួបប្រឈម ការសម្របសម្រួល និងបែបបទនីតិវិធីនៃការនាំចេញចូល និងការជម្រុញពាណិជ្ជកម្មជាដើម។
លោកឧកញ៉ា បន្តថា ជុំវិញវិស័យដឹកជញ្ជូននេះ បច្ចុប្បន្ន ក្រុមហ៊ុនក្នុងស្រុក កំពុងជួបបញ្ហាប្រឈមជាច្រើនដូចជាប្រេងឡើងថ្លៃ ជាពិសេសសេវាដឹកជញ្ជូនតាមផ្លូវទឹក បានកំពុងហក់ឡើងខ្ពស់ហួសហេតុ។ ដូច្នេះកិច្ចសហប្រតិបត្តិការ នៃការតភ្ជាប់សហគ្រាសដឹកជញ្ជូន រវាងកម្ពុជាវៀតណាម គឺការជួយសម្រួលមួយផ្នែកនៃការដឹកជញ្ជូនឆ្លងកាត់ប្រទេសជិត ជាពិសេសជាការជួយសម្រួលដល់ការដឹកជញ្ជូនកសិកផលរបស់កម្ពុជា ខណៈមួយឆ្នាំៗកម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេសវៀតណាមជាច្រើន ដូចជាការនាំចេញស្រូវជាដើម។
លោកឧកញ៉ា ស៊ិន ចន្ធី បន្តថា ទាក់ទងវិស័យដឹកជញ្ជូននេះ ភាគីនៃប្រទេសទាំងពីរ នឹងមានគម្រោងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រឹងដល់ការនាំចេញចូល ជាពិសេសការដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម ទំាងផ្លូវទឹក និងផ្លូវគោក ដែលកន្លងមកការដឹកជញ្ជូនឆ្លងកាត់ប្រទេសនេះ មានការត្រួតពិនិត្យស្មុគស្មាញ និងការចំណាយថ្លៃដើមបន្ថែមជាដើម ។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិនេះ នឹងជួយដោះស្រាយរាល់បញ្ហាបន្ថែម ដើម្បីជម្រុញការដឹកជញ្ជូនឆ្លងកាត់ និងការធ្វើពាណិជកម្មប្រព្រឹត្តិទៅដោយរលូន។
នៅក្នុងសិក្ខាសាលានេះ ភាគីវៀតណាម បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ នៃការតភ្ជាប់វិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ ពិសេសការគិតគូរដល់ថ្លៃដើមនៃការដឹកជញ្ជូន ដែលបញ្ហានេះភាគីវៀតណាម នឹងលើកជូនទៅរដ្ឋាភិបាលរបស់ខ្លួន ដើម្បីដោះស្រាយ ដល់ដំណើរការនៃការដឹកជញ្ជូននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី ១០ ខែ ឧសភា កម្ពុជា-វៀតណាម បើកកិច្ចប្រជុំសម្រាប់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សហគ្រាសដឹកជញ្ជូនរវាងប្រទេសទាំងពីរ ដែលក្នុងនោះភាគីវៀតណាម បានការចូលរួមមាន៖ អនុប្រធាននាយកដ្ឋាននាំចូល និងនាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម, ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា, នាយកក្រុមហ៊ុន Bee Logistic ប្រទេសវៀតណាម, នាយកពាណិជ្ជកម្មនៃក្រុមហ៊ុន Gemadept តំណាងសមាគមភ្នាក់ងារសមុទ្រ ឈ្មួញកណ្តាល និងសេវាកម្មវៀតណាម និងមានការជាង ៥០ ក្រុមហ៊ុន៕អត្ថបទ៖ សុន រ៉ាឌី

