ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឲ្យអនុវត្តប្រព័ន្ធឯកសារឌីជីថល ហៅកាត់ថា FMIS Portal លើរដ្ឋបាលស្រុក-ឃុំ ចំនួន២៦០ ដោយអនុវត្តសាកល្បង ជាមួយទូរស័ព្ទឆ្លាតវៃ មានលក្ខណៈសាមញ្ញ និងផ្តល់ភាពងាយស្រួល ក្នុងទិសដៅជួយពន្លឿនដល់ការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី១ ជាផ្លូវការដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះថា ការរៀបចំបង្កើតប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី១ គឺមានលក្ខណៈសាមញ្ញ និងផ្តល់ភាពងាយស្រួលក្នុងការអនុវត្តជាមួយទូរសព្ទឆ្លាតវៃតាមរយៈបណ្តាញអ៊ីនធើណេត ក្នុងទិសដៅដើម្បីជួយពន្លឿនដល់ការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បន្តថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលបានប្រែក្លាយវិបត្តិទៅ ជាកាលានុវត្តភាព ការកែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈ គ្មានការបង្អង់ និងគ្មានថយក្រោយនោះឡើយ ទោះបី កម្ពុជាឆ្លងកាត់ជម្ងឺកូវីដ ១៩ ជាពិសេសការកសាងចាប់យកប្រព័ន្ធឌីជីថល ស្របតាមគន្លងថ្មីនៃសកលលោក នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤។
ក្នុងស្មារតីនេះ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺជាចលករមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងនោះការកែលម្អ ធនធានហិរញ្ញវត្ថុសាធារណៈរបស់ជាតិ គឺមានដំណាក់កាលសំខាន់ៗជាច្រើន, ចំពោះការដាក់ឲ្យអនុវត្តប្រព័ន្ធ ឯកសារឌីជីថល នេះវិញ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលដាក់ឲ្យអនុវត្តលើរដ្ឋបាលស្រុក-ឃុំ ចំនួន ២៦០ តាមទូរស័ព្ទឆ្លាតវៃ មានលក្ខណៈសាមញ្ញ និងផ្តល់ភាពងាយស្រួល ដោយមានទិសដៅដើម្បីជួយពន្លឿនដល់ ការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដោយបានផ្តល់ភាពងាយស្រួល ជូនដល់រដ្ឋបាលស្រុក-ឃុំទាំងនោះ។
សូមបញ្ជាក់ថា៖ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់រដ្ឋបាលថ្នាក់ស្រុក និងឃុំ នៅពេលនេះ គឺជាការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នេះវិញ ដោយក្នុងនោះសម្រាប់ជំហានដំបូងនេះ បានអនុវត្តទៅលើខេត្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបានជ្រើសរើសយករដ្ឋបាលស្រុកចំនួន ៧៥ និងរដ្ឋបាលឃុំចំនួន ១៨៥ ដើម្បីអនុវត្តសាកល្បងនៃការប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល នេះ ៕អត្ថបទ៖ សុន រ៉ាឌី