បាល់បោះ៖ កីឡាករបាល់បោះអាមេរិក Stephen Curry បានក្លាយជាតួឯកក្នុងការប្រកួត ក្រោយបោះបញ្ចូលកន្ត្រកនាទីចុងក្រោយឱ្យ Golden State Warriors វាយបកពីក្រោយយកឈ្នះ Memphis Grizzlies ១០១-៩៨ ដើម្បីនាំមុខក្នុង Series ៣-១ នៃវគ្គ Play-Off ពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌអាមេរិក NBA។

Stephen Curry បោះបានសរុប ៣២ពិន្ទុក្នុងការប្រកួតនេះបូករួមទាំងការបោះយក ៣ពិន្ទុនៅនាទីចុងក្រោយធ្វើឱ្យ Golden State ត្រូវការជ័យជំនះតែ ១ប្រកួតទៀតដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រនៅភាគខាងលិច។ ចំណែក Memphis Grizzlies ថ្វីបើគ្មានកីឡាករសំខាន់ Ja Morant ក៏ដោយក៏បានបង្កការលំបាកដល់ Golden State ដែរបន្ទាប់ពីការនាំមុខ ១២ពិន្ទុពេលចាប់ផ្តើមដំបូង។ ព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ Golden State នឹងត្រូវត្រលប់ទៅកាន់ទឹកដី Memphis Grizzlies វិញដើម្បីស្វែងរកកៅអីវគ្គផ្តាច់ព្រ័ត្រលើកទី៦ ក្នុង ៨ឆ្នាំចុងក្រោយ។ ដោយឡែកការប្រកួតនៅភាគខាងកើតឯណោះវិញ Boston Celtics បានយកឈ្នះក្រុមការពារតំណែងជើងឯក Milwaukee Bucks ១១៦-១០៨ ដើម្បីតាមស្មើក្នុង Series ២-២។

កីឡាករសំខាន់របស់ Celtics, Al Horford បោះបាន ៣០ពិន្ទុម្នាក់ឯងក្នុងជ័យជំនះដ៏មានសារៈសំខាន់នេះ ពោលគឺ Boston Celtics បានវាយបកពីការនាំមុខ ១១ពិន្ទុរបស់ Milwaukee Bucks។ Jayson Tatum ក៏បោះបាន ៣០ពិន្ទុផងដែរឱ្យ Boston Celtics ខណៈដែលកីឡាករក្រិក Giannis Antetokounmpo បោះបាន ៣៤ពិន្ទុម្នាក់ឯង និង ១៨បាល់រីបោននៅតែមិនគ្រប់គ្រាន់ជួយ Milwaukee Bucks គេចពីបរាជ័យបាន។ ក្រុមទាំងពីរនឹងជួបគ្នាប្រកួតទី៥ ក្នុង Series ៧ប្រកួតនៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ៕
អត្ថបទ៖នាង សុភាវុធ