អ៊ុយក្រែន៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា ប្រទេសរបស់លោកមិនអាចនាំចេញផលិតផលកសិកម្មប្រមាណ ៩០លានតោនទៅកាន់ទ្វីបអាហ្វ្រិក អាស៊ី និងអឺរ៉ុបបានទេដោយសាររុស្ស៊ីកំពុងបិទច្រកចូលទៅសមុទ្រ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Shmyhal បានបង្ហាញពីបញ្ហានេះក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ទៅកាន់កំពង់ផែធំបំផុតរបស់អ៊ុយក្រែននៅទីក្រុង Odesa ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា អ៊ុយក្រែនកំពុងខាតបង់ប្រមាណ ១៧០លានដុល្លារក្នុងមួយថ្ងៃដោយ សារតែការបិទច្រក។ នាវាជិត ៧០គ្រឿងដែលភាគច្រើនជានាវាដឹកទំនិញរបស់អ៊ុយក្រែន នៅតែចតនៅកំពង់ផែនៅលើឆ្នេរសមុទ្រខ្មៅ ដោយសារការភ័យខ្លាចនៃការវាយប្រហារដោយយោធារុស្ស៊ី។ លោក Shmyhal និយាយថា ការបិទច្រកនេះបានធ្វើឱ្យតម្លៃស្រូវសាលី ពោត និងផលិតផលផ្សេងទៀតកើនឡើង។
លោកបានចោទប្រកាន់ប្រទេសរុស្ស៊ី ពីការព្យាយាមបង្កើតវិបត្តិស្បៀងអាហារពិភពលោក និងបាននិយាយថា អ្វីៗត្រូវតែធ្វើដើម្បីការពារកុំឱ្យវាកើតឡើង។ អ៊ុយក្រែនជាប្រទេសនាំចេញស្រូវសាលី និងពោតដ៏សំខាន់។ កម្មវិធីស្បៀងអាហារពិភពលោកបានធ្វើការអំពាវនាវឱ្យបើកច្រកឡើងវិញជាបន្ទាន់ នូវកំពង់ផែសមុទ្រខ្មៅរួមទាំងទីក្រុង Odesa ដូច្នេះស្បៀងអាហារសំខាន់ៗពីអ៊ុយក្រែន អាចទៅដល់ប្រជាជនដែលប្រឈមមុខទៅនឹងអសន្តិសុខស្បៀង៕
អត្ថបទ៖ ប៊ុនថន