ព្រះសីហនុ៖ ក្រុមហ៊ុន មីតស៊ូប៊ីស៊ី ខបភើរ៉េស៊ីន (Mitsubishi Corporation) និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្នុងការស្វែងយល់ និងចាប់យកឱកាសវិនិយោគពហុអាជីវកម្ម នៅខេត្តព្រះសីហនុ។
លោក យូកុ កាន់ដា ប្រធានផ្នែកចាត់ការទូទៅ ក្រុមហ៊ុន មីតស៊ូប៊ីស៊ី ខបភើរ៉េស៊ីន បានលើកឡើងថា សក្ដានុពលរបស់ ខេត្ដព្រះសីហនុ ជាមួយនឹងភាពរួសរាយរាក់ទាក់ របស់ប្រជាពលរដ្ឋ គាត់ពិតជាមានភាពកក់ក្ដៅសប្បាយរីករាយ ក្នុងការធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុបន្ដបន្ទាប់ និងបាន ចូលរួមសកម្មភាពសង្គមខ្លះ គឺកម្មវិធីរើសសំរាមសម្អាតអនាម័យ បរិស្ថាននៅឆ្នេរអូរត្រេះ ក្រុង-ខេត្ដព្រះសីហនុ។
ដំណើរទស្សនកិច្ចថ្ងៃនេះ វាជាឱកាសដ៏ប្រសើរ ដែលលោក នឹងអញ្ជើញទៅបញ្ចុះបឋមសីលាបុកគ្រឹះឃ្លាំងអ៊ីអននៅថ្ងៃស្អែកនេះ។
ជាមួយគ្នានោះលោក ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងដែរថា ខេត្តជាខេត្តទេសចរណ៍ ហើយការអភិវឌ្ឍរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យខេត្តក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង ដែលមានវិស័យសំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូនទេសចរណ៍។ល។ មានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក និងផ្លូវគោកជាដើម ។ល។
លោក ក៏បានស្នើសុំ លោក យូកុ កាន់ដា ឱ្យជួយផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្ដព្រះសីហនុ ទៅអ្នកទេសចរ និងក្រុមហ៊ុនវិនិយោគជប៉ុនឱ្យចូល មកវិនិយោគនៅខេត្ដព្រះសីហនុឱ្យកាន់តែច្រើនឡើងថែមទៀត។
សូមបញ្ជាក់ថា ខេត្ដព្រះសីហនុ សក្ដានុពលធម្មជាតិសម្បូបបែប ដូចជាកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ សំណង់ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ហើយរាជរដ្ឋាភិបាលចាត់ ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយ អភិវឌ្ឍន៍ វិស័យឧស្សាហកម្មនៃរាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៥ -២០២៥៕