សៀមរាប៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាមួយខ្នង នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដែលជាអំណោយសម្ដេចពិជ័យសេនា ទៀ បាញ់ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែឧសភានេះ។
ឯកឧត្ដម ខៀវ ឆេន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំពាក់ស្នែង ខេត្ដសៀមរាប បានលើកឡើងថា ទីស្នាក់ការគណបក្សនេះ ត្រូវបានកសាងឡើងបំពេញសេចក្តីត្រូវការរបស់សមាជិក សមាជិកាគណបក្ស តាមរយៈក្រុមការងារ ដើម្បីបន្តពង្រឹងចលនាគណបក្ស ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន សំដៅចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងពិធីនេះ គណៈកម្មាធិការគណបក្សឃុំ ប្រធានភូមិ ប្រធានសាខា អនុសាខា សមាជិកបក្សឃុំពាក់ស្នែងទាំងអស់ បានប្តេជ្ញាចិត្តចំពោះគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យទទួលជ័យជម្នះ ដើម្បីបន្តដឹកនាំកសាង និងអភិវឌ្ឍសង្គមជាតិ ឱ្យរីកចម្រើនរុងរឿង ជារៀងរហូតតទៅ។
ឧត្តមប្រធានក្រុមការងារ បានជំរុញឱ្យក្រុមការងារគណៈកម្មាធិការគណបក្សមូលដ្ឋានគ្រប់ថ្នាក់ គ្រប់ផ្នែក និងភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែសកម្មទ្វេដងថែមទៀត តាមរយៈការចុះមូលដ្ឋានជួបសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ ដើម្បីទទួលបានព័ត៌មានពិត សំដៅចូលរួមដោះស្រាយសំណើ សំណូមពរ និងបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ៕អត្ថបទ៖ ឈិត សាវី