ភ្នំពេញ៖ យុទ្ធនាការ១៥ថ្ងៃ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនមនុស្សចាស់ដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅក្នុងរាជធានីភ្នំពេញ នឹងត្រូវចាប់ផ្តើមថ្ងស្អែកនេះតទៅ។
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនានេះ បានរៀបចំការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូពេទ្យបន្ថែម ដើម្បីត្រៀម ក្នុងយុទ្ធនាការ ១៥ថ្ងៃ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនមនុស្សវ័យចាប់ពី៦០ឡើង ក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនាស្អែកនេះតទៅ។ ការចាក់វ៉ាក់សាំង Covishield ដែលទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុន Astra Zeneca ក្នុងរាជធានីភ្នំពេញ ១៥ថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានការចង្អុលបង្ហាញពីសំណាក់សម្តេចតេជោហ៊ុន សែននាយរដ្ឋមន្ត្រីកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ។
បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ងី មានហេងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រាប់ BTV ថា តាមផែនការដែលបានគ្រោងទុកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងចាក់វ៉ាក់សាំងចំនួន ១៩កន្លែង ដែលក្នុងនោះ រួមមាន៖១១ទីតាំងស្ថិតនៅមណ្ឌលសុខភាព ទាំង១៤ខណ្ឌ និង០៨ទីតាំងទៀត នៅតាមន្ទីរពេទ្យបង្អែកក្នុងរាជធានីភ្នំពេញ។ វ៉ាក់សាំងដែលត្រូវប្រើប្រាស់ក្នុងយុទ្ធនាការនេះ គឺមានចំនួនជាង ៥ម៉ឺនដូស។
ជាការកត់សំគាល់ វ៉ាក់សាំងCovishield ដែលផលិតនៅប្រទេសឥណ្ឌ ទទួលបានអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន Astra Zeneca ក្រោមកិច្ចសម្របសម្រួលពីអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ផ្តល់មកកម្ពុជា ជាជំហានដំបូង គឺមានជាង ៣២ម៉ឺនដូស ដើម្បីចាក់ជូនពលរដ្ឋបង្ការជំងឺកូវីដ-19។បើទោះបីកម្ពុជា មានវ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋក្តី ក៏ប្រមុខរាជរដ្ឋាភិបាលនៅតែក្រើនរំលឹកដល់ពលរដ្ឋដែលបានចាក់រួច និងមិនទាន់បានចាក់ ត្រូវតែអនុវត្តន៍ ៣កុំ ៣ការពារ ដើម្បីកុំឆ្លងជំងឺកូវីដ-19៕ អត្ថបទ៖ ទូច សោភ័ណ