ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជិត២ពាន់នាក់ ខណៈដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយពួគាត់នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក)។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានធ្វើដំណើរពីរដ្ឋផ្សេងៗទាំងក្នុងទឹកដីរអាមេរិក និងកាណាដា មកជួបសម្ដេចនាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិកបាន។ សម្ដេចបញ្ជាក់ថា វាមិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?៕




