ខណៈដែលលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកញ្ញាខាងមុខនេះ។ អតីតសិស្សដែលទទួលលទ្ធផលមិនល្អ (ធ្លាក់បាក់ឌុប) បានចែករំលែកជាបទពិសោធន៍ និងជំរុញលើកទឹកចិត្តយុវជនឱ្យងាករៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា TVET ដើម្បីប្រែក្លាយជាអ្នកបច្ចេកទេសជាន់ខ្ពស់ និងជាម្ចាស់អាជីវកម្មនាពេលអនាគត។

អតីតសិស្សម្នាក់ដែលធ្លាប់ឆ្លងកាត់ការធ្លាក់បាក់ឌុប កញ្ញា អ៊ាង ស្រីខួច បច្ចុប្បន្នជានិស្សិតឆ្នាំទី១ រៀនជំនាញមេកានិកបន្សីលោហៈ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ជំនះភាពបាក់ទឹកចិត្ត គឺសម្រេចចិត្តចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាស្ពានចម្លង៏មានប្រសិទ្ធភាព។ ហើយការចាប់យកជំនាញនេះ ទី១.ជាចំណង់ចំណូលចិត្តផង និងទី២.ដោយសារតែតម្រូវការទីផ្សារការងារខ្ពស់នៅពេលអនាគត និងខណៈរាជរដ្ឋាភិបាល ក៏មានការគិតគូរខ្ពស់ណាស់ ក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនដើម្បីកសាងទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគអន្តរជាតិឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

ទាក់ទិនការលើកឡើងខាងលើនេះ យុវជន អ៊ីវ ចំរើន ជានិស្សិតឆ្នាំ៤ ដែលកំពុងរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ខាងផ្នែកមេកានិក នៅក្នុងវិទ្យាស្ថានដូចគ្នានេះ បានចូលរួមផ្ញើរសារទៅកាន់យុវជនជំនាន់ក្រោយ ដែលនឹងត្រូវទទួលលទ្ធផលនាពេលខាងមុខនេះថា សូមកុំអស់សង្ឃឹម ទោះលទ្ធផលចេញមកបែបណាក៏ដោយ ពីព្រោះបាក់ឌុបគ្រាន់តែជាការវាស់ស្ទង់ចំណេះដឹងទូទៅមួយដំណាក់កាលប៉ុណ្ណោះ គឺមិនមែនជាម៉ាស៊ីនកំណត់វាសនារបស់មនុស្សណាម្នាក់ឡើយ។ យុវជនរូបនេះ បានបន្ថែមថា អ្វីដែលទីផ្សារការងារត្រូវការគឺ "សមត្ថភាពពិត និងជំនាញច្បាស់លាស់"។

ការងាកមកចាប់យកវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា TVET នាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្នុងគោលដៅប្រែក្លាយកម្លាំងពលកម្មកម្ពុជាឱ្យទៅជាកម្លាំងពលកម្មជំនាញ និងមានភាពប្រកួតប្រជែង។ ការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល ទាំងការរៀនមិនបង់ប្រាក់ និងការផ្តល់ប្រាក់ឧបត្ថម្ភ គឺជាការបើកទំព័រជីវិតថ្មីមួយដែលផ្សារភ្ជាប់រវាង «ចំណេះ ជំនាញ និងអាជីព» យ៉ាងពិតប្រាកដ៕ អត្ថបទ៖ ឈិត បូរ៉ាវី










