អ្នកនាំពាក្យ៖ ប្រសាសន៍របស់សម្ដេចតេជោ ថ្លែងក្នុងសន្និសីទ ISC-2 ជាការបកស្រាយសភាពការណ៍ពិត

2026/08/31 12:32:52 pm        99

ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ដោយសោកស្តាយចំពោះសេចក្តី ថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ប្រតិកម្មចំពោះប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃ អន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ នេះបើតាម សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បញ្ជាក់ថា៖«ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ជាការបកស្រាយពីសភាពការណ៍ពិតដែលបាន និងកំពុង កើតមានពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា និងមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ក្នុងការជ្រោងខ្ពស់អធិបតេយ្យជាតិ បូរណភាពទឹកដី និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី»។

នៅក្នុងស្មារតីនេះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា៖ ការលើកឡើងអំពី «បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ” គឺជាការបង្ហាញយ៉ាងច្បាស់អំពី របៀបដែលការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានប្រទេសថៃយកមកធ្វើជាហេតុផលដើម្បីប្រើ ប្រាស់កម្លាំង ឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា។ ទោះបីជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគឺ ជាការចាំបាច់ និងស្របច្បាប់ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការនេះមិនអាចយកមកប្រើប្រាស់ដើម្បីរំលង គោលការណ៍ជាមូលដ្ឋាននៃអធិបតេយ្យ បូរណភាពទឹកដី និងការហាមឃាត់ការប្រើប្រាស់កម្លាំងបានឡើយ។ ក្នុងន័យនេះ ទស្សនទានស្តីពី «សង្គ្រាមសម័យទំនើប» គឺជាការរំលឹកថា ការបង្ខិតបង្ខំក្នុងសម័យបច្ចុប្បន្ន អាចកើតមានក្នុងទម្រង់ចម្រុះ និងមានទំនាក់ទំនងគ្នា ដោយរួមបញ្ចូលទាំងការប្រើប្រាស់ហេតុផលសន្តិសុខ ប្រតិបត្តិការយោធា សង្គ្រាមព័ត៌មាន និងការប៉ុនប៉ងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបន្តថា ការលើកឡើងអំពីការវាយប្រហារលើ សំណង់ស៊ីវិល មានសារៈសំខាន់ពីទស្សនៈនៃច្បាប់ មនុស្សធម៌អន្តរជាតិ។ ប្រសិនបើទីតាំងដែលត្រូវបានអះអាងថាជាគោលដៅយោធា តាមការពិតមាន លក្ខណៈជាស៊ីវិល នោះទីតាំងទាំងនោះត្រូវបានការពារក្រោមគោលការណ៍ជាមូលដ្ឋាននៃការបែងចែក ឱ្យដាច់រវាងវត្ថុស៊ីវិល និងគោលដៅយោធា។ ដូច្នេះ ការវាយតម្លៃផ្លូវច្បាប់គួរតែផ្អែកលើអង្គហេតុដែលអាច ផ្ទៀងផ្ទាត់បានដោយឯករាជ្យ អំពីលក្ខណៈ និងការប្រើប្រាស់ជាក់ស្តែងនៃទីតាំងទាំងនោះ។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបន្តថា ចំណុចដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្របំផុត គឺការព្រមានអំពី «យុទ្ធសាស្ត្រ ឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami-slicing strategy) ដែលសំដៅទៅលើគ្រោះថ្នាក់នៃ ការផ្លាស់ប្តូរស្ថានភាពនៅលើដីជាបន្តបន្ទាប់ និងបន្តិចម្តងៗ ហើយក្រោយមកត្រូវបានយកមកប្រើជា មូលដ្ឋានសម្រាប់គាំទ្រការទាមទារទឹកដី។ នេះហើយជាល្បិចកលមិនអាចប្រកែកបានរបស់ប្រទេសថៃ ក្នុងការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែងរបស់កម្ពុជា (fait accompli)។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបញ្ជាក់ថា ចំពោះការអះអាងរបស់ប្រធានព្រឹទ្ធសភាថៃ ដែលថា កម្ពុជា «ជាអ្នកបាញ់មុន ថាថៃបានធ្វើសកម្មភាពក្នុងក្របខ័ណ្ឌនៃសិទ្ធិស្វ័យការពារស្របច្បាប់ និងថា ថៃបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាម សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបានចាត់ទុកជំហររបស់កម្ពុជាថា ជាការ ប៉ុនប៉ង «បង្ហាញខ្លួនឯងថាជាជនរងគ្រោះ» នោះ ទាំងនេះគ្រាន់តែជាការអះអាងជាឯកតោភាគី របស់ភាគីថៃតែប៉ុណ្ណោះ ហើយក៏មិនខុសប្លែកអ្វីពីការឃោសនាបំភ្លៃការពិត ប្រែក្លាយពីសទៅខ្មៅ ពីខ្មៅទៅស បំភ័ន្តមតិសាធារណៈ សំដៅបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួន មកលើបូរណភាព ទឹកដីកម្ពុជា។ ភាគីម្ខាងមិនអាចដើរតួជាអ្នកអះអាង ហើយក្នុងពេលជាមួយគ្នានោះ ដើរតួជាអ្នក វិនិច្ឆ័យលើការអះអាងរបស់ខ្លួនឯងនោះទេ។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាថ្លែងថា កម្ពុជាមិនអាចទទួលយកការបកស្រាយណាមួយលើសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលប្រែក្លាយកិច្ចព្រមព្រៀងឈប់បាញ់ ទៅជាការទទួលស្គាល់អធិបតេយ្យលើដែនដី ឬជាការទទួលស្គាល់សិទ្ធិណាមួយដែលកើតចេញពីវត្តមាន ឬការគ្រប់គ្រងដោយយោធាលើដែនដី អធិបតេយ្យរបស់កម្ពុជា ឬលើតំបន់ដែលមានជម្លោះ ឬមិនទាន់បានខណ្ឌសីមា និងកំណត់ព្រំដែន ច្បាស់លាស់នោះឡើយ។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបន្តថា បទឈប់បាញ់មិនអាចត្រូវបានយកមកធ្វើជាហេតុផល ដើម្បីបង្កើតសិទ្ធិថ្មីលើដែនដី ធ្វើឱ្យការកាន់ កាប់ដែនដីដោយខុសច្បាប់ក្លាយជាស្របច្បាប់ ឬពង្រឹងស្ថានភាពដែលបង្កើតឡើងដោយឯកតោភាគី ឱ្យក្លាយជាស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) នោះឡើយ។ បញ្ហាអធិបតេយ្យ និង ការកំណត់ព្រំដែន ត្រូវតែដោះស្រាយដោយអនុលោមតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលអាច អនុវត្តបាន ច្បាប់អន្តរជាតិ និងយន្តការដោះស្រាយជម្លោះដោយសន្តិវិធីដែលមានសម្រាប់ភាគីទាំងពីរ។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាលើកឡើងថា សេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃក៏បានលើកឡើងផងដែរថា ជម្លោះនេះ «មិនគួរត្រូវបាន ធ្វើអន្តរជាតូបនីយកម្មឡើយ»។ កម្ពុជាគ្មានបំណងធ្វើឱ្យវិវាទទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិ ដើម្បី បម្រើគោលបំណងនយោបាយណាមួយឡើយ។ ប្រសិនបើថៃពិតជាមានបំណងចង់បញ្ចៀសការ យកចិត្តទុកដាក់បន្ថែមទៀតពីសហគមន៍អន្តរជាតិចំពោះស្ថានការណ៍នេះ មធ្យោបាយដែលមាន ប្រសិទ្ធភាពបំផុត មិនមែនជាការទាមទារឱ្យកម្ពុជានៅស្ងៀមនោះទេ ប៉ុន្តែគឺត្រូវដោះស្រាយមូលហេតុ និងស្ថានភាពជាក់ស្តែងដែលបានបង្កឱ្យមានការព្រួយបារម្ភទាំងនេះ ពោលគឺ៖ ដកកងកម្លាំងរបស់ ខ្លួនចេញពីទឹកដីកម្ពុជា បញ្ឈប់រាល់សកម្មភាពដែលផ្លាស់ប្តូរស្ថានភាពនៅលើដី ឬបង្កើតជាស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) និងអនុញ្ញាតឱ្យប្រជាជនស៊ីវិលកម្ពុជាភៀសខ្លួនអាចវិលត្រឡប់ ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបន្តថា ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ មិនមែនជាមូលហេតុនៃបញ្ហានោះទេ ប៉ុន្តែជាផល វិបាកនៃស្ថានភាពជាក់ស្តែងនៅលើដី។ ដូច្នេះ មធ្យោបាយដ៏ប្រាកដប្រជាបំផុតដើម្បីកុំឱ្យបញ្ហានេះ បន្តក្លាយជាក្តីព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ គឺត្រូវស្តារឡើងវិញនូវការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា អនុវត្តឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តដែល មានស្រាប់ ព្រមទាំងដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ដោយសន្តិវិធី តាមរយៈយន្តការ ដែលមានស្រាប់ និងសមស្របនានា។

បើតាម អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា នៅក្នុងបរិបទនេះ ការប្រើប្រាស់យន្តការតំបន់ និងអន្តរជាតិប្រកបដោយការទទួលខុសត្រូវ មិនគួរ ត្រូវបានចាត់ទុកថាជាការប្រឈមមុខដាក់គ្នានោះទេ។ នីតិវិធីផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាក់លាក់ ដើម្បីជួយឱ្យរដ្ឋនានាបញ្ជាក់ឱ្យបានច្បាស់នូវជំហរ របស់ខ្លួន ទប់ស្កាត់ការកើនឡើងនៃភាពតានតឹង កាត់បន្ថយការយល់ច្រឡំ និងដោះស្រាយវិវាទ ដោយមានរបៀបរៀបរយ និងស្របតាមច្បាប់។ យន្តការទាំងនេះក៏រួមចំណែកដល់ការស្វែងរក ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងយូរអង្វែងផងដែរ។ យន្តការបែបនេះជួយពង្រឹងទំនុកចិត្ត តាមរយៈការលើកកម្ពស់តម្លាភាព គណនេយ្យភាព ភាពច្បាស់លាស់ផ្នែកច្បាប់ និងការអត់ធ្មត់។ ច្បាប់អន្តរជាតិនៅតែជាខែលការពារដ៏សំខាន់ប្រឆាំងនឹងការបង្ខិតបង្ខំ ភាពមិនច្បាស់លាស់ និង ការប្រើប្រាស់អំណាចដោយបំពាន។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបន្តថា កម្ពុជាយល់ស្របថា ការជឿទុកចិត្តគ្នា ការអត់ធ្មត់ ភាពស្មោះត្រង់ និងសុចរិតភាព គឺជាកត្តាចាំបាច់ សម្រាប់ទំនាក់ទំនងដោយសន្តិភាពរវាងប្រទេសជិតខាង។ ទោះជាយ៉ាងណា ការកសាងទំនុកចិត្ត ត្រូវតែមានទៅវិញទៅមក និងបង្ហាញឱ្យឃើញតាមរយៈទង្វើដែលមានសង្គតិភាព មិនមែនត្រឹមតែ ពាក្យសម្តីនោះទេ។ មិនអាចរំពឹងឱ្យតែភាគីម្ខាងកសាងទំនុកចិត្តបានឡើយ ខណៈដែលនីតិវិធី ប្រកបដោយអព្យាក្រឹតភាពត្រូវបានរារាំង ត្រូវបានបកស្រាយតាមការជ្រើសរើសយកតែអ្វីដែល ផ្តល់ប្រយោជន៍ដល់ខ្លួន ឬត្រូវបានបោះបង់ចោលនោះទេ។ ដូចគ្នានេះដែរ ការអំពាវនាវឱ្យមានកិច្ច សន្ទនាក៏មិនអាចគួរឱ្យជឿទុកចិត្តបានដែរ ខណៈដែលសកម្មភាពជាក់ស្តែងនៅនឹងកន្លែងបង្កើន ភាពតានតឹង និងបំផ្លាញទំនុកចិត្ត។ ដោយហេតុនេះ ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយ វិវាទដោយសន្តិវិធី នៅតែជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែង៕

 

អត្ថបទដែលទាក់ទង

អ.ស.ហ ដាក់ចេញ Portal ដើម្បីកែលម្អសេវាហិរញ្ញវត្ថុ និងកាត់បន្ថយ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
2026/08/31 01:53:39 pm        1
អ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
2026/08/31 01:10:21 pm        1
រដ្ឋមន្រ្ដីក្រសួងអប់រំដឹកនាំប្រជុំឆ្លើយតបនឹងបាតុភាពមិនប្រក្រតីជុំវិញការប្រឡងបាក់ឌុប ខណៈលទ្ធផលប្រឡងនៅភ្នំពេញ និងបណ្ដាខេត្តនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ
2026/08/31 12:55:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ.ស.ហ ដាក់ចេញ Portal ដើម្បីកែលម្អសេវាហិរញ្ញវត្ថុ និងកាត់បន្ថយ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

2026/08/31 01:53:39 pm
​អ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
2026/08/31 01:10:21 pm
​ឯកឧត្តម អ៊ុក សិទ្ធិជាតិ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទ ធ្វើជាប្រធាន​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា អាណត្តិទី៩
2026/08/31 12:57:40 pm
​រដ្ឋមន្រ្ដីក្រសួងអប់រំដឹកនាំប្រជុំឆ្លើយតបនឹងបាតុភាពមិនប្រក្រតីជុំវិញការប្រឡងបាក់ឌុប ខណៈលទ្ធផលប្រឡងនៅភ្នំពេញ និងបណ្ដាខេត្តនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ
2026/08/31 12:55:44 pm
​មន្រ្តីជំនាញបញ្ជាក់ពីការហក់ឡើងកម្ពស់ទឹកស្ទឹងសង្កែ និងអំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងបង្កើនការប្រុងប្រយ័ត្ន
2026/08/31 12:51:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 10:15:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm