ក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ បានដាក់គោលដៅប្រជែងកៅអី Top-6 នៅក្នុងដំណាក់កាលទី១ និងកៅអី Top-3 ក្នុងដំណាក់កាលទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកលោក Arthur Ferreira បន្ទាប់ពីលោកដឹកនាំក្រុមឈ្នះពានរង្វាន់មុនបើករដូវកាល KCC Pre-Season Cup 2026 ដែលរៀបចំដោយក្លិប ISI ដង្កោសែនជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយយកឈ្នះក្រុមភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រ។
ជាលទ្ធផលដ៏គួរឲ្យផ្អើល ក្នុងនាមក្លិបស្ទើរឈរបាតតារាងកាលពីរដូវកាលមុន ដែលបាននឹងកំពុងបង្ហាញភាពខ្លាំង សម្រាប់ការត្រៀមរដូវកាលថ្មី តាមរយៈសមិទ្ធផលការប្រកួតពានលក្ខណៈមិត្តភាព ១សប្ដាហ៍មុនលីគចាប់ផ្ដើម ។ ក្នុងពាន KCC Pre-Season Cup 2026 នេះ ក្រៅពីក្រុមសៀមរាបយូណាយធីត ដែលជាបេក្ខភាពលីគទី២ ភ្នំពេញក្រោន និង ISI ដង្កោសែនជ័យ សុទ្ធតែជាក្រុមខ្លាំង តែក្រុមឡាយហ្វ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយយកឈ្នះក្រុមទាំងពីរ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។
ក្រោយចប់ការប្រកួតលោក Arthur Ferreira បានអរគុណក្លិបដំរីជ័យ ISI ដែលបានរៀបចំពានរង្វាន់នេះឡើង ដែលផ្ដល់ឱកាសឲ្យកូនក្រុមបានពង្រឹងបន្ថែម និងត្រៀមលក្ខណៈកាន់តែល្អប្រសើរ សម្រាប់លីគ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៥ ខែកញ្ញា។ លោកថា ទាំងភ្នំពេញក្រោន និង ISI ដង្កោសែនជ័យ សុទ្ធតែល្អ មានកីឡាករល្អៗច្រើន ដែលលោកមានការគោរព ក៏ដូចជាក្រុមដទៃ តែឆ្នាំនេះ ឡាយហ្វ ក៏ជាក្រុមល្អដែរ បន្ទាប់ពីការរៀបចំ និងពង្រឹងក្រុម ទាំងក្រុមការងារគ្រូ និងកីឡាករ ទាំងខ្មែរ និងបរទេស។
លោកបន្ដថា សម្រាប់គោលដៅរបស់ក្រុម ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ គឺទី១ គឺការឡើងទៅលេងវគ្គ ៦ក្រុមចុងក្រោយ ឬ Top-6 និងគោលដៅបន្ទាប់ ការប្រជែងកៅអី Top-3 ។ បន្ទាប់ពីឆ្លងកាត់ ២ដំណាក់កាលនេះ លោកនឹងពិភាក្សារៀបចំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារ ដើម្បីសម្លឹងទៅរកជើងឯក។ លោកសង្កត់ធ្ងន់ថា គ្រប់យ៉ាងក្រុមអាចធ្វើបាន ព្រោះឡាយហ្វ មានកីឡាករល្អៗជាច្រើន ដោយមិនផ្ដោតតែកីឡាករបរទេសនោះទេ កីឡាករខ្មែរក៏ល្អដូចគ្នា ហើយបានធ្វើការជាមួយគ្នាបានខ្លាំងក្លា។ ដូច្នេះលោកជឿជាក់យ៉ាងមុតមាំថា ឡាយហ្វ អាចធ្វើបាន។
គួរដឹងថា ពានរង្វាន់ KCC Pre-Season Cup 2026 មាន ៤ក្លិបចូលរួម ខណៈក្រោយចាប់ឆ្នោត និងធ្វើការប្រកួត ២ថ្ងៃ កាលពីសប្ដាហ៍កន្លងទៅ គឺក្លិបឡាយហ្វខេត្តព្រះសីហនុ បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅវគ្គខ្វែង មុនយកឈ្នះក្រុមភ្នំពេញក្រោន ដោយកាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ០-០ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលនាំឲ្យក្រុមសិង្ហក្រហម បានត្រឹមលេខ២ ខណៈលេខ៣ បានទៅក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្រោយយកឈ្នះក្រុមសៀមរាបយូណាយធីត ៧-២៕ អត្ថបទ លី ឈុនឡា
