កីឡាករឆ្នើមរបស់អាហ្សង់ទីន Lionel Messi បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ ដោយនិយាយថា ការសម្រេចចិត្តនេះ ពិតជាឈឺចាប់ តែដល់ពេលវេលាហើយ។

Messi វ័យ ៣៩ ឆ្នាំ ដែលធ្លាប់ដឹកនាំអាហ្សង់ទីនឱ្យឈ្នះពាន FIFA World Cup 2022 នៅប្រទេសកាតា បានរកគ្រាប់បាល់ចំនួន ១២៥ គ្រាប់ ក្នុងការបង្ហាញខ្លួន ២០៧ ប្រកួត សម្រាប់ក្រុមជម្រើសជាតិ។ ស្ថិតិនេះធ្វើឱ្យរូបគេក្លាយជាអ្នករកគ្រាប់បាល់ច្រើនបំផុត និងជាកីឡាករដែលបង្ហាញខ្លួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអាហ្សង់ទីន។
ក្នុងសារប្រកាសចូលនិវត្តន៍ Messi បាននិយាយថា រូបគេបានផ្តល់អ្វីៗគ្រប់យ៉ាងសម្រាប់ក្រុមជម្រើសជាតិ ហើយពេលនេះ «គ្មានអ្វីត្រូវផ្តល់ទៀតទេ»។
«ពេលវេលាកាន់តែខ្លី ជំពូកខ្លះត្រូវបិទបញ្ចប់ ហើយនេះគឺជាជំពូកមួយដែលធ្វើឱ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង»។
«ខ្ញុំស្រឡាញ់ ខ្ញុំធ្លាប់ស្រឡាញ់ ហើយនឹងស្រឡាញ់ជានិច្ចចំពោះកិច្ចការជាមួយក្រុមជម្រើសជាតិ»។
«ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ហើយឥឡូវនេះខ្ញុំគ្មានអ្វីត្រូវផ្តល់ទៀតទេ។ លើសពីនេះទៅទៀត មានកីឡាករវ័យក្មេងដ៏មានសមត្ថភាពជាច្រើនកំពុងរីកចម្រើន ដែលសមនឹងទទួលបានឱកាសរបស់ពួកគេ»។
កាលពីខែសីហា Messi ធ្លាប់បាននិយាយថា រូបគេកំពុងពិចារណាអំពីអនាគតក្នុងអាជីពបាល់ទាត់ បន្ទាប់ពីឪពុករបស់គេលោក Jorge Messi បានទទួលមរណភាពក្នុងវ័យ ៦៨ ឆ្នាំ ក្រោយមានជំងឺអស់រយៈពេលយូរ។
ម្ចាស់ពាន Ballon d'Or ៨ សម័យ រូបនេះបានបង្ហើបថា រូបគេបានសរសេរសារប្រកាសចូលនិវត្តន៍នេះតាំងពីថ្ងៃទី២១ ខែកក្កដា ពោលគឺពីរថ្ងៃបន្ទាប់ពីអាហ្សង់ទីនចាញ់អេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup រដូវក្តៅនេះ។

Messi ក៏បានសរសេរនៅលើ Instagram កាលពីថ្ងៃចន្ទថា៖ «ថ្ងៃនេះ បន្ទាប់ពីអ្វីដែលបានកើតឡើងជាមួយឪពុករបស់ខ្ញុំ ខ្ញុំកាន់តែមានភាពជឿជាក់លើការសម្រេចចិត្តនេះជាងមុនទៅទៀត»។
ទោះបីបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិក៏ដោយ Messi នឹងបន្តអាជីពនៅកម្រិតក្លិបជាមួយ Inter Miami ក្នុងក្របខណ្ឌ Major League Soccer ដោយកិច្ចសន្យារបស់គេមានសុពលភាពរហូតដល់ចប់រដូវកាល ២០២៨។
Messi បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់អាហ្សង់ទីនក្នុងឆ្នាំ ២០០៥ ក្នុងការប្រកួតមិត្តភាពជាមួយហុងគ្រី ដោយចូលលេងជំនួសនៅនាទីទី៦៣។ ទោះជាយ៉ាងណា រូបគេត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញដោយកាតក្រហមភ្លាមៗ មិនដល់មួយនាទីផង។

ទោះបីចាប់ផ្តើមអាជីពអន្តរជាតិមិនសូវល្អក៏ដោយ Messi បានក្លាយជាកីឡាករឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយឈ្នះ World Cup ១លើក និង Copa America ២លើក ជាមួយអាហ្សង់ទីន។
បច្ចុប្បន្ន Messi ជាអ្នករកគ្រាប់បាល់ច្រើនបំផុតទី២ ក្នុងប្រវត្តិសាស្ត្រ World Cup ជាមួយ ២១ គ្រាប់ តាមពីក្រោយ Kylian Mbappe របស់បារាំងដែលមាន ២២ គ្រាប់។ ចំណែកការរកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិទាំងអស់ Messi ក៏ឈរនៅលេខ២ ជាមួយ ១២៥ គ្រាប់ តាមពីក្រោយគូប្រជែងដ៏អស្ចារ្យរបស់គេគឺ Cristiano Ronaldo របស់ព័រទុយហ្គាល់ ដែលមាន ១៤៦ គ្រាប់។
តាមពិតទៅ Messi ធ្លាប់ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិម្តងរួចមកហើយក្នុងឆ្នាំ ២០១៦ បន្ទាប់ពីអាហ្សង់ទីនចាញ់ស៊ីលីក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ដែលក្នុងការប្រកួតបាល់ ១១ ម៉ែត្រកាត់សេចក្តី Messi បានស៊ុតមិនចូល។ បន្ទាប់ពីបរាជ័យនោះ អាហ្សង់ទីនបានចាញ់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំជាលើកទី៤ ក្នុងរយៈពេល ៩ ឆ្នាំ។
នៅ World Cup រដូវក្តៅនេះ Messi បានរកបាន ៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៤ ដង។ គេក៏បានបង្កើនចំនួនបាល់បញ្ជូននៅ World Cup របស់ខ្លួនដល់ ១២ ដង ដែលក្នុងនោះ ១០ ដងកើតឡើងនៅវគ្គចាញ់ធ្លាក់។ គ្មានកីឡាករណាម្នាក់ក្នុងប្រវត្តិសាស្ត្រដែលមានស្ថិតិកត់ត្រា អាចធ្វើបានលើសពី ៨ បាល់បញ្ជូនសរុបនោះឡើយ៕ អត្ថបទ៖នាង សុភាវុធ


