ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទៀត សិក្សាធ្វើអត្តសញ្ញាណបណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅអាមេរិក និងកាណាដា ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់ពួកគាត់ក្នុងការទិញដីធ្លី និងចូលរួមបោះឆ្នោតនៅកម្ពុជាជាដើមនោះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនខ្មែរនៅអាមេរិក និងកាណាដា ដែលចង់ទិញអចលនទ្រព្យ ឬធ្វើកិច្ចការងារផ្សេងៗនោះ គប្បីសម្រួល និងធ្វើអត្តសញ្ញាណ បណ្ណជូនដល់ពួកគាត់ ខណៈពលរដ្ឋខ្លះគាត់បាននៅ និងកើតនៅអាមេរិកតាំងពីតូចហើយគ្មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅពេលទទួលបានអត្តសញ្ញាណសញ្ជាតិខ្មែរហើយនោះ ត្រូវទៅចុះឈ្មោះបោះឆ្នោត ហើយការបោះឆ្នោតនេះទៀតសោត ត្រូវទាមទារសិទ្ធិបោះឆ្នោតដោយផ្ទាល់ ខណៈកម្ពុជាមិនអាចបោះឆ្នោតតាមប្រៃសណីយនោះទេ ព្រោះជាច្បាប់បោះឆ្នោតរបស់កម្ពុជា គឺត្រូវបោះឆ្នោតផ្ទាល់៕





