អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា កម្ពុជានៅតែត្រូវការបន្ថែម នៃការបង្កើនការតភ្ជាប់រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើតរោងចក្រ និងការងារ តែអាចបង្កើតការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើន។

ការថ្លែងលើកឡើងបែបនេះរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ទៅកាន់ធុរកិច្ចជាតិ-អន្តរជាតិ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីការកត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាម និងការរៀបចំឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល កាលានុវត្តភាពសម្រាប់កិច្ចសហ- ប្រតិបត្តិការនៅតែមាន។ ដូច្នេះកិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន គួរតែជាវេទិកាដែល «ប្រែក្លាយការសន្ទនា ទៅជាកិច្ចសហប្រតិបត្តិការ និងប្រែក្លាយកិច្ចសហប្រតិបត្តិការ ទៅជាកាលានុវត្តភាពវិនិយោគជាក់ស្តែង»។ ឯកឧត្តមក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាង អាស៊ាននិងចិន, កំណើននៃទំហំពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-ចិន ក៏ដូចជាកំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងកំណើន នៃ ការវិនិយោគចិននៅកម្ពុជាផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។
ឯកឧត្តមអគ្គលេខាធិការ បន្តថា អ្វីដែលកម្ពុជាចង់ឃើញបន្ថែមទៀតនោះ គឺការបង្កើនការតភ្ជាប់រវាងវិនិយោគិនបរទេស និង សហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើតរោងចក្រ និងការងារនោះទេ ប៉ុន្តែអាចបង្កើតការផ្ទេរចំណេះដឹង និង បច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើននៅក្នុងប្រទេស ព្រមទាំងជួយឱ្យកម្ពុជាចូលរួម កាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។ ឯកឧត្តមបានជម្រាបជូនអង្គពិធីថា ដើម្បីឱ្យការវិនិយោគរយៈពេលវែងអាចរីកចម្រើនបាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើម និង ភាពងាយស្រួលក្នុងការធ្វើអាជីវកម្មដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស, ការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា និងការពង្រឹងយន្តការច្រកចេញ-ចូលតែមួយ របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា សំដៅផ្តល់សេវាឱ្យកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធភាពជូនវិនិយោគិន៕ អត្ថបទ៖ សុន រ៉ាឌី





