
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយរបស់កម្ពុជាមិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិក ប្រឆាំងចិននោះឡើយ ខណៈ គោលនយោបាយការបរទេសកម្ពុជា ចាត់ទុកប្រទេសនៅលើពិភពលោកជាមិត្តដ៏ល្អទាំងអស់ ដើម្បីគុណប្រយោជន៍របស់ប្រជាជន និងប្រទេសកម្ពុជាទាំងមូលនោះ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋាអាមេរិក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងក្របខណ្ឌគោលការណ៍នយោបាយរបស់កម្ពុជា គឺធ្វើឡើងដើម្បីបំរើសន្តិភាព និងការអភិវឌ្ឍ មិនប្រឆាំងប្រទេសដទៃ និងគោរពឯករាជ្យភាពរបស់អាស៊ាន ជាដើម។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ប្រាប់ដល់បងប្អូនខ្មែរ ដែលរស់នៅអាមេរិក និងកាណាដាផងដែរថា ទំនាក់ទំនងកម្ពុជា និងអាមេរិក បានឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា តាមរយៈអាមេរិកបានសាងសង់ស្ថានទូតដ៏ធំ និងរឹងមាំ និងទំហំពាណិជ្ជដ៏សម្បើមរបស់អាមេរិកនៅប្រទេសកម្ពុជា ដោយទីតាំងស្ថានទូតអាមេរិក គឺជាទីតាំងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ ហើយបើមិនមែនអាមេរិក សម្តេចមិនផ្តល់ឱ្យទីតាំងនៅទីនោះឡើយ។ សម្តេចក៏បានបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទំហំធំបំផុត ក្នុងនោះការនាំចេញមកអាមេរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាមេរិកជាច្រើនកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា និងកំពុងធ្វើការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត៕ អត្ថបទ៖ បានចក់