បាល់ទាត់៖ ក្រុមបាល់ទាត់ Inter Milan បានវាយបកពីក្រោយការនាំមុខរបស់ Juventus រហូតយកឈ្នះនៅម៉ោងបន្ថែមកាត់សេចក្តី ១៥នាទីពីរដងដើម្បីក្លាយជាជើងឯកពានរង្វាន់ Coppa Italia ជាលើកដំបូងរាប់តាំងពីឆ្នាំ២០១១។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋាន Stadio Olimpico ទីក្រុងរ៉ូម Inter Milan ជាអ្នកនាំមុខមុននៅនាទីទី៦ ដោយខ្សែបម្រើអ៊ីតាលី Nicolo Barella តែក៏ត្រូវបាន Juventus វាយបកពីរគ្រាប់មកនាំមុខវិញដោយ Alex Sandro នាទីទី៥០ និង Dusan Vlahovic នាទីទី៥២។ សល់តែ ១០នាទីទៀតចប់ការប្រកួត Inter Milan ក៏មានឱកាសតាមស្មើវិញដោយបាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែបម្រើទួកគី Hakan Calhanoglu ក្រោយកំហុសរបស់ Leonardo Bonucci។ ឈានដល់ម៉ោងបន្ថែម ១៥នាទីពីរដង ខ្សែបម្រើក្រូអាស៊ី Ivan Perisic ក៏បានក្លាយជាវីរបុរសរបស់ Inter Milan បន្ទាប់ពីរកបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី៩៩ និង ១០២។
ជ័យជំនះនេះបានធ្វើឱ្យ Inter Milan ស្គាល់រសជាតិពាន Coppa Italia លើកដំបូងបន្ទាប់ពីខកខានតាំងពីឆ្នាំ២០១១ ខណៈដែល Juventus ក៏បាត់បង់ពានតែមួយគត់ដែលខ្លួនសង្ឃឹមបានក្នុងរដូវកាលនេះផងដែរ។ Inter Milan នៅពេលនេះត្រូវងាកមកផ្តោតលើការប្រកួតក្របខណ្ឌ Italia Serie A ពីរប្រកួតចុងក្រោយដេញពីក្រោយ AC Milan ពីរពិន្ទុ ដោយនឹងត្រូវជួបជាមួយ Cagliari និង Sampdoria៕
អត្ថបទ៖នាង សុភាវុធ