អ៊ីស្រាអែលកោតសរសើរដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែល​ក្រសួង​ការងារ​រៀបចំ​ប្រកប​ដោយ​យុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់

2026/09/02 01:54:10 pm        123

គណៈប្រតិភូរដ្ឋអ៊ីស្រាអែលបានកោតសរសើរ និងវាយតម្លៃខ្ព​ស់​ចំពោះ​ដំណើរ​ការ​ជ្រើស​រើស​ពលករកសិកម្មកម្ពុជា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​រៀប​ចំ​ប្រកប​ដោយ​ភាពយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងបង្ហាញ​ទំនុក​ចិត្ត​លើ​គុណ​ភាព​ពលករ​កម្ពុជា និងអនាគតនៃកិច្ចសហប្រតិបត្តិការការងារទ្វេភាគីរវាងប្រទេសទាំងពីរ។

ការលើកឡើងនេះធ្វើឡើងដោយលោកស្រី Shirly Raisin Sasson ប្រធានផ្នែក​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ នៃរដ្ឋបាលពលករបរទេសរបស់រដ្ឋអ៊ីស្រាអែល ក្នុងអំឡុង​ពេល​ដែល​គណៈ​ប្រតិភូ​អ៊ីស្រាអែល​បំពេញ​ទស្សន​កិច្ចនៅកម្ពុជា ដើម្បីពិនិត្យ និងតាមដានដោយផ្ទាល់នូវដំណើរការជ្រើសរើស និង​សម្ភាស​បេក្ខជនកម្ពុជា ដែលដាក់ពាក្យទៅធ្វើការក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែល។

លោកស្រី Sasson បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែលបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តានេះបានបង្កើតឱកាសសម្រាប់អ៊ីស្រាអែលពង្រីកការជ្រើសរើសពលករពីបណ្ដាប្រទេសនានា ក្នុងនោះក៏មានកម្ពុជាផងដែរ។

លោកស្រីបានលើកឡើងថា៖ «យើងមើលឃើញសក្តានុពលក្នុងការជ្រើសរើសពលករ និងពលករជំនាញផ្នែកកសិកម្មកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែល»។

គណៈប្រតិភូអ៊ីស្រាអែលក៏បានកោតសរសើរចំពោះភាពជាដៃគូល្អ និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការរៀបចំ និងអនុវត្តដំណើរការជ្រើសរើសបេក្ខជន។

លោកស្រី Sasson បានសង្កត់ធ្ងន់ថា ភាគីកម្ពុជា និងអ៊ីស្រាអែលបានធ្វើការរួមគ្នាជាក្រុម ដើម្បីធានាថា ដំណើរការជ្រើសរើសត្រូវបានអនុវត្តដោយតម្លាភាព និងស្របតាមលក្ខណៈវិនិច្ឆ័យដែលភាគីទាំងពីរបានឯកភាពគ្នា។

លោកស្រីបានបន្ថែមថា៖ «យើងមានការប្តេជ្ញាចិត្តខ្ពស់ និងធ្វើការរួមគ្នាជាក្រុម ដើម្បីធានាថា ដំណើរការជ្រើសរើសនេះប្រព្រឹត្តទៅដោយតម្លាភាព និងស្របតាមលក្ខណៈវិនិច្ឆ័យដែលបានព្រមព្រៀងគ្នា។ ការរៀបចំសម្រាប់គណៈប្រតិភូមានលក្ខណៈវិជ្ជាជីវៈ ហើយយើងអាចមើលឃើញលទ្ធផលយ៉ាងច្បាស់»។

លោកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចូលរួមរៀបចំការប្រឡង និងសម្ភាសបេក្ខជន ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយគណៈប្រតិភូអ៊ីស្រាអែលក្នុងដំណើរការទាំងមូល។

លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តថា ពលករដែលនឹងចេញទៅធ្វើការនៅអ៊ីស្រាអែល គឺជាពលករដែលមានជំនាញ និងវិជ្ជាជីវៈ។ ដោយសារការងាររបស់ក្រសួងការងារនៅទីនេះ ពលករកម្ពុជាដែលទៅធ្វើការនៅអ៊ីស្រាអែលនឹងកសាងបានកេរ្តិ៍ឈ្មោះល្អ ហើយកិច្ចព្រមព្រៀងទ្វេភាគីនេះនឹងទទួលបានជោគជ័យ»។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការចូលរួមពិនិត្យ និងតាមដានដោយផ្ទាល់ពីគណៈប្រតិភូអ៊ីស្រាអែល បានបង្ហាញពីការទទួលខុសត្រូវរួមរបស់ប្រទេសទាំងពីរក្នុងការធានាភាពជឿជាក់នៃដំណើរការជ្រើសរើស។

លោក ស៊ុន មេសា បានលើកឡើងថា៖ «គោលដៅរបស់ក្រសួង មិនមែនគ្រាន់តែបញ្ជូនពលករឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា បេក្ខជនគ្រប់រូបត្រូវបានវាយតម្លៃតាមសមត្ថភាព និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់ដូចគ្នា។ ការចូលរួមតាមដានដោយផ្ទាល់ពីភាគីអ៊ីស្រាអែល គឺជាការបញ្ជាក់បន្ថែមថា ដំណើរការនេះត្រូវបានអនុវត្តដោយតម្លាភាព យុត្តិធម៌ និងវិជ្ជាជីវៈ ដើម្បីការពារផលប្រយោជន៍បេក្ខជន និងកសាងកេរ្តិ៍ឈ្មោះពលករកម្ពុជានៅលើទីផ្សារការងារអន្តរជាតិ»។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ចំពោះបេក្ខជនដែលនៅមានចម្ងល់ ក្រសួងនៅតែបើកចំហឱ្យស្នើសុំពិនិត្យលទ្ធផល និងភស្តុតាងជាក់ស្តែងឡើងវិញ។ យើងចង់ឱ្យបេក្ខជនទទួលបានការបំភ្លឺច្បាស់លាស់ និងអស់ចិត្តចំពោះលទ្ធផលរបស់ខ្លួន»។

លោក ស៊ុន មេសា ក៏បានបញ្ជាក់ថា ការជាប់តេស្តដំណាក់កាលទី១ មិនទាន់មានន័យថា បេក្ខជនត្រូវបានជ្រើសរើសជាស្ថាពរទៅធ្វើការនៅអ៊ីស្រាអែលនោះទេ។ បេក្ខជននៅត្រូវឆ្លងកាត់ការសម្ភាសផ្ទាល់មាត់ ការជ្រើសរើសដោយភាគីអ៊ីស្រាអែលតាមរយៈអង្គភាព PIBA ការជ្រើសរើស និងផ្គូផ្គងដោយនិយោជក ការពិនិត្យសុខភាព និងឯកសារ ព្រមទាំងការចុះកិច្ចសន្យា ការណែនាំតម្រង់ទិស និងការត្រៀមចេញដំណើរ។

ការវាយតម្លៃជាវិជ្ជមានពីគណៈប្រតិភូអ៊ីស្រាអែលនេះ កើតឡើងស្របពេលដែលប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារនៅក្រៅប្រទេស ជាពិសេសក្នុងវិស័យកសិកម្ម ដែលនិយោជកអ៊ីស្រាអែលកំពុងមានតម្រូវការកម្លាំងពលកម្ម។

សម្រាប់កម្ពុជា ការពង្រីកទីផ្សារការងារទៅកាន់អ៊ីស្រាអែល មិនត្រឹមតែជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យពលករទទួលបានបទពិសោធន៍អន្តរជាតិ ចំណេះដឹង និងជំនាញបច្ចេកវិទ្យាកសិកម្មទំនើបផងដែរ។

កិច្ចសហប្រតិបត្តិការកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាលនេះ ផ្តោតលើការជ្រើសរើសពលករដោយមានសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ ដោយធានាថា បេក្ខជនត្រូវបានជ្រើសរើសតាមនីតិវិធីត្រឹមត្រូវ និងទទួលបានការណែនាំត្រៀមខ្លួនមុនពេលចេញដំណើរ៕

 

អត្ថបទដែលទាក់ទង

ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះជាប់និទ្ទេស A ជាង ២ ០០០នាក់ ក្នុងនោះ រាជធានីភ្នំពេញជាប់ច្រើនជាងគេរហូតដល់ចំនួន ៧៨៦នាក់
2026/09/02 03:17:03 pm        1
ការសិក្សារបស់ ILO បង្ហាញថា ថ្នាលការងារឌីជីថលនៅកម្ពុជាផ្តល់ឱកាសដល់អាជីវកម្ម និងអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា
2026/09/02 03:12:39 pm        1
ឆមាសទី១ឆ្នាំនេះ ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយប្រមាណពីរពាន់ករណី និងបានចេញវិធានការឆ្លើយតបបន្សាប
2026/09/02 03:09:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចក្រភពអង់គ្លេសប្តេជ្ញាចាត់វិធានការប្រឆាំងអ្នកតាំងទីលំនៅ ខណៈអ៊ីស្រាអែលព្រមានសងសឹក

2026/09/02 03:24:18 pm
​ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះជាប់និទ្ទេស A ជាង ២ ០០០នាក់ ក្នុងនោះ រាជធានីភ្នំពេញជាប់ច្រើនជាងគេរហូតដល់ចំនួន ៧៨៦នាក់
2026/09/02 03:17:03 pm
​ប៉ាឡេស្ទីនថ្កោលទោសការប៉ុនប៉ងរបស់អ្នកតាំងទីលំនៅអ៊ីស្រាអែល ក្នុងការដុតបំផ្លាញវិហារអ៊ិស្លាមនៅវេសបែង
2026/09/02 03:16:36 pm
​ការសិក្សារបស់ ILO បង្ហាញថា ថ្នាលការងារឌីជីថលនៅកម្ពុជាផ្តល់ឱកាសដល់អាជីវកម្ម និងអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា
2026/09/02 03:12:39 pm
​ឆមាសទី១ឆ្នាំនេះ ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយប្រមាណពីរពាន់ករណី និងបានចេញវិធានការឆ្លើយតបបន្សាប
2026/09/02 03:09:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/02 09:59:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/02 10:37:42 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm