អ៊ីស្រាអែល៖ មនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាច្រើនរបស់អ៊ីស្រាអែល ដើម្បីតវ៉ាការស្លាប់អ្នករាយការណ៍ព័ត៌មាន Al Jazeera។ ពលរដ្ឋប៉ាឡេស្ទីន និងប្រជាជនអ៊ីស្រាអែលអារ៉ាប់បានតវ៉ាចំពោះការស្លាប់របស់អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera លោកស្រី Shireen Abu Akleh កាលពីថ្ងៃពុធ ដែលការប្រមូលផ្តុំគ្នាបានធ្វើឡើងនៅទីក្រុងហ្សេរុយសាឡឹមខាងកើត, Haifa និង Nazareth រួមទាំងការតវ៉ាមួយដែលបានប្រែក្លាយទៅជាអំពើហិង្សានៅក្នុងរដ្ឋធានី។

នៅក្នុងហ្សេរុយសាឡឹមខាងកើត អ្នកកាន់ទុក្ខបានប្រមូលផ្តុំគ្នានៅលំនៅឋានលោកស្រី Abu Akleh ដើម្បីបង្ហាញសេចក្តីគោរព។ នគរបាលអ៊ីស្រាអែលបានមកដល់កន្លែងកើតហេតុ ក្នុងការឆ្លើយតបទៅនឹងរបាយការណ៍នៃការបង្ក ហេតុ ដែលទំនងជាយោងទៅរកទង់ជាតិប៉ាឡេស្ទីនក្រវីដោយអ្នកកាន់ទុក្ខ និងពាក្យផ្សេងៗដែលស្រែកដោយហ្វូងមនុស្ស។ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh បាននិយាយថា លោកឲ្យប្រទេសអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះការសម្លាប់អ្នកសារព័ត៌មាន Al Jazeera ជើងចាស់ម្នាក់លោកស្រី Shireen Abu Akleh ដែលត្រូវបានបាញ់សម្លាប់ ខណៈកំពុងធ្វើសេចក្តីរាយការណ៍លើការវាយឆ្មក់ របស់យោធាអ៊ីស្រាអែលនៅក្នុងក្រុងJenin តំបន់ West Bank កាលពីថ្ងៃពុធ។ លោក Shtayyeh បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ាឡេស្ទីនថា អ៊ីស្រាអែលមានបំណងបិទសេរីភាពនៃការនិយាយស្តី និងចង់បិទសំឡេងសារព័ត៌មាន។ កងទ័ពអ៊ីស្រាអែលដំបូងបានលើកឡើងពីលទ្ធភាពថា លោកស្រី Abu Akleh ទំនងជាត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់ប៉ាឡេស្ទីនដោយនិយាយថា ក្រុមសកម្មប្រយុទ្ធក៏មានវត្តមាននៅក្នុងតំបន់នេះដែរ។ ទោះជាយ៉ាងណា មេបញ្ជាកាយោធាឧត្តមសេនីយ៍ឯក Aviv Kochavi ក្រោយមកបានដកខ្លួនចេញពីការអះអាងនេះ។

លោកស្រី Abu Akleh អាយុ ៥១ឆ្នាំមានទឹកមុខរាក់ទាក់នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលត្រូវបានគេស្គាល់ដោយសារការរាយការណ៍របស់លោកស្រីអំពីការពិតដ៏អាក្រក់ នៃការកាន់កាប់របស់យោធាអ៊ីស្រាអែលអស់រយៈពេល ៣ទសវត្សរ៍កន្លងទៅនេះ។ ការស្លាប់របស់លោកស្រីបានធ្វើឲ្យរំជើបរំជួលពាសពេញតំបន់ និងបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ លោកស្រីបានរាយការណ៍ឲ្យប៉ុស្តិ៍ទូរទស្សន៍ Al Jazeera ជាភាសាអារ៉ាប់ហើយក៏ជាពលរដ្ឋអាមេរិក។ ក្រសួងការបរទេសបានចាត់ទុកការស្លាប់របស់លោកស្រីថា ជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន។ លោកស្រីត្រូវបានគេបាញ់ចំក្បាលស្លាប់កាលពីព្រឹកថ្ងៃពុធ នៅក្បែរជំរំជនភៀសខ្លួន Jenin នៅភាគខាងជើងតំបន់ West Bank។ ផលិតកររបស់នាងគឺជាអ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីន លោក Ali Samoudi ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពមានស្ថិរភាព បន្ទាប់ពីត្រូវបានបាញ់ចំខ្នង។ សារព័ត៌មាន Al Jazeera បានចោទប្រកាន់អ៊ីស្រាអែលថា មានចេតនាកំណត់គោលដៅ និងសម្លាប់សហសេវិករបស់យើង។ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានរងការវាយប្រហារដោយការបាញ់កាំភ្លើង និងគ្រឿងផ្ទុះយ៉ាងសន្ធឹកសន្ធាប់ ខណៈធ្វើប្រតិបត្តិការនៅក្រុង Jenin ហើយពួកគេបានបាញ់តបវិញ៕
អត្ថបទ៖ ប៊ុនថន