ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរដ្ឋសភាអនុម័តគាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។ សេចក្តីព្រាងច្បាប់នេះ នឹងជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេសជាតិ។
ប្រភពក្រសួងពាណិជ្ជកម្ម បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ឯកឧត្តម អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តំណាងរាជរដ្ឋាភិបាល បានជម្រាបជូនអង្គប្រជុំថា សេចក្ដីព្រាងច្បាប់នេះ ពិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ព្រោះច្បាប់នេះនឹងចូលរួមគាំពារដល់សុខសុវត្ថិភាពផ្នែកម្ហូបអាហារជូនប្រជាពលរដ្ឋគ្រប់រូប ដោយធានាបាននូវការពារសុខភាព និងអាយុជីវិត តាមរយៈការការពារការទទួលទានអាហារគ្មានសុវត្ថិភាព ដែលបណ្ដាលឱ្យកើតមានជំងឺផ្សេងៗ ព្រមទាំងអត្ថប្រយោជន៍សំខាន់ៗមួយចំនួនទៀត ដែលកម្ពុជាអាចទទួលបាន នៅពេលដែលសេចក្ដីព្រាងច្បាប់នេះចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងបន្តថា អត្ថប្រយោជន៍ និងចំណុចសំខាន់ៗជាច្រើនរបស់សេចក្ដីព្រាងច្បាប់នេះ មានដូចជា៖ ការបង្កើតឱ្យយន្តការទទួលខុសត្រូវរបស់ក្រសួង និងស្ថាប័នជាតិ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប និងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ និងជំរុញប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្មស្មើភាពសំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ-ល-។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ជាលទ្ធផល បន្ទាប់អង្គសភាបានពិភាក្សា និងស្ដាប់ការបកស្រាយពីតំណាងរាជរដ្ឋាភិបាលរួចមក រដ្ឋសភាបានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបានសម្តែងការកោតសរសើរចំពោះក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់នេះ ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការខិតខំប្រឹងប្រែងលើការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់នេះប្រកបដោយជោគជ័យ៕អត្ថបទ៖ រ៉ាវី