សហរដ្ឋអាមេរិក៖ យោងតាមតួលេខរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 ច្រើនជាង ១លាននាក់ដោយឆ្លងកាត់ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ប្រមាណ ២ឆ្នាំមកនេះ បន្ទាប់ពីករណីដំបូងបានធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃជួបការលំបាក និងបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។

ចំនួនអ្នកស្លាប់ជាង ១លាននាក់គឺជាការរំលឹកយ៉ាងច្បាស់អំពីទុក្ខសោក និងការបាត់បង់ដ៏គួរឱ្យភ្ញាក់ផ្អើលបណ្ដាលមកពីជំងឺរាតត្បាត ទោះបីជាការគំរាមកំហែងបង្កឡើងដោយវីរុសនេះបានធ្លាក់ចុះ នៅក្នុងចិត្តរបស់ប្រជាជនជាច្រើនក៏ដោយ។ នៅពេលដែលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុស Covid-19 ជាជំងឺរាតត្បាតសកលនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វីរុសនេះបានឆក់យកជីវិតមនុស្ស ៣៦នាក់នៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្មានខែក្រោយមកវីរុសដ៏សាហាវនេះបានរាលដាលដូចជាភ្លើងឆេះព្រៃ នៅក្នុងតំបន់ទីក្រុងដែលមានប្រជាជនរស់នៅច្រើនដូចជាទីក្រុងញូវយ៉ក ហើយបន្ទាប់មកបានទៅដល់គ្រប់តំបន់របស់ប្រទេស។ គិតរហូតមកដល់ពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងវីរុស Covid-19 ចំនួន ៨៣,៩៥៣,៣៧១ករណី និងមានអ្នកស្លាប់ ១,០២៥,៧៦៤នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៨១,១០៧,២៩៦នាក់៕
អត្ថបទ៖ ប៊ុនថន